Connect with us

ព័ត៌មានទាន់ហេតុការណ៍

កូរ៉េខាងត្បូងជៀសមិនផុតពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក បើទោះបីខំប្រឹងគិតរិះរកមធ្យោបាយ ផ្គាប់ចិត្តកូរ៉េខាងជើងយ៉ាងណាក៏ដោយ

បរទេស៖ សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមហើយ កាលពីថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ  បើទោះខំប្រឹងគិតគេចពីការព្រមានពីកូរ៉េខាងជើង ថា សមយុទ្ធនេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាពអន្តរកូរ៉េក៏ដោយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយុនហាប់ (Yunhap) បានឱ្យដឹងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

សមយុទ្ធដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលបុគ្គលិកគ្រប់គ្រងវិបត្តិ គឺត្រូវបានគេបង្កើតឡើង ដើម្បីពិនិត្យមើលការត្រៀមលក្ខណៈរបស់សម្ពន្ធមិត្ត ក្នុងការឆ្លើយតបចំពោះរឿងរ៉ាវអាចកើតមានណាមួយ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ មុនពេលផ្លាស់ប្តូរទៅជាសមយុទ្ធពេញទ្រង់​ទ្រា​យ ដែលគេគ្រោងធ្វើឡើងពីថ្ងៃទី១៦ដល់២៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពេលវេលា ទំហំនិងការបង្កើតឡើងនៃសមយុទ្ធនោះ គឺនៅមិនទាន់សម្រេចចុងក្រោយនៅឡើយទេ ចំណែកកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយនោះដែរ ដោយសម្អាងដល់គោលនយោ​បា​យ​របស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា តាមប្រភពព័ត៌មាន AFP បានឱ្យដឹងថា មាន​ទាហាន​អាមេរិក​ជិត​៣​ម៉ឺន​នាក់ឈរជើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង រួម​ជាមួយ​ទាហាន​កូរ៉េខាងត្បូង​រាប់ម៉ឺន​នាក់ទៀត ទំនងមើលទៅ ជាសមយុទ្ធយោធាមានលក្ខណៈទ្រងទ្រាយធំ ក្នុងឆ្នាំនេះ ដែល​ធ្វើឱ្យ​ប្រទេស​កូរ៉េខាងជើង​ខឹង​យ៉ាងខ្លាំង ដោយ​ទីក្រុង​ព្យុងយ៉ាង ចាត់ទុក​សមយុទ្ធ​ទាំងនោះ​ថា​ជា​ផែនការ​វាយប្រហារ​។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាប្រក្រតីតែងតែប្រារព្ធធ្វើសមយុទ្ធយោធា ដែលជាចម្បងគឺនៅក្នុងនិទាឃរដូវនិងរដូវក្តៅ ប៉ុន្តែប្រទេសកូរ៉េខាងជើង អស់រយៈកាលជាច្រើនទសវត្សមកនេះ បានមានប្រតិកម្មខឹងសម្បារ ដោយហៅសមយុទ្ធទាំងនោះថា ជាការហាត់សមសង្គ្រាម ៕

ដោយ គង់ សុខឡេង។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook