Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យផ្សារលើ បើកឱ្យដំណើរការអាជីវកម្មឡើងវិញ

(ព្រះសីហនុ)៖ រសៀលថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញនៅក្នុងអនុគណៈកម្មការរៀបចំគ្រប់គ្រងផ្សារ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅបរិវេណផ្សារលើស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបើកដំណើរការផ្សារនេះឡើងវិញ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយសារតែក្នុងរយៈពេលកន្លងមក ការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏បានធ្វើការផ្អាកអាជីវកម្មលក់ដូរ ដោយសារមានការចម្លងរាលដាលនៃជំងឺកូវីដ-១៩ ផ្តើមចេញពីទីផ្សារនេះ។ ដោយពិនិត្យតាមស្ថានភាពបច្ចុប្បន្ន ដែលអនុគណៈកម្មការ និងគណៈកម្មការរបស់រដ្ឋបាលខេត្ត បានដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ក្រុមការងារ និងបងប្អូនអាជីវករធ្វើការកែលម្អស្ថានភាព ។ ពិសេសសណ្តាប់ធ្នាប់ របៀបរៀបរយ និងរៀបចំឱ្យមានគម្លាតសុវត្ថិភាពក្នុងផ្សារឃើញថា បងប្អូនអាជីវករនៅផ្សារលើ ពិតជាបានចូលរួមអនុវត្តន៍តាមការណែនាំរបស់អនុគណៈកម្មការរបស់យើង ទោះបីថ្ងៃនេះខ្ញុំបានមកពិនិត្យនៅទីនេះ ក៏ប៉ុន្ដែខ្ញុំក៏បានតាមដានរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការរាយការណ៍ថា បងប្អូនអាជីវកររបស់យើងគាត់បានចូលរួមអនុវត្តន៍ស្របតាមការណែនាំ ហើយការចូលរួមរបស់បងប្អូន ពិតជាមានគុណតម្លៃធំធេង អាចបញ្ជាក់បានថា យើងនឹងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្ត ការកែលម្អបន្ថែមទៀត ដើម្បីឱ្យការរៀបចំមានដូចជា ទី១-មានគម្លាតសុវត្ថិភាព សម្រាប់ធ្វើដំណើររបស់បងប្អូន។ ទី២-ពិនិត្យមើលការរៀបចំ ដើម្បីការគ្រប់គ្រងអតិថិជន ក៏ដូចអាជីវករចេញ-ចូលផ្សារ។ ទី៣-មើលការរៀបចំសំណង់រឹងទាំងអស់ក្នុងផ្សារ បានកែលម្អឱ្យមានសោភណភាព មានសណ្តាប់ធ្នាប់ ដើម្បីលក់ដូរនៅពេលខាងមុខ ។ ដូច្នេះត្រូវមានគម្លាតសុវត្ថិភាពត្រឹមត្រូវ ម្យ៉ាងទៀតពីពេលនេះតទៅ យើងត្រូវរស់នៅក្នុងគន្លងថ្មីនៃបរិបទកូវីដ-១៩ ហើយអ្វីៗទាំងអស់ក្នុងផ្សារ ត្រូវតែមានការកែលម្អជាបន្តបន្ទាប់ ។ រដ្ឋបាលខេត្តសូមគាំទ្រ និងចូលរួមជាមួយបងប្អូនអាជីវករ ដើម្បីបើកដំណើរការផ្សារឡើងវិញក្នុងបរិបទថ្មី។ យើងត្រូវធ្វើការកែលម្អសោភណភាពមួយចំនួនទៀត ដើម្បីធានាសុវត្ថិភាព មិនមានការចម្លងជំងឺកូវីដ-១៩ និងបានផ្តល់ឱកាសដល់ការគ្រប់គ្រងអគ្គិភ័យផ្សេងៗ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ថ្ងៃស្អែកយើងនឹងបើកការយកសំណាកបងប្អូនអាជីវករដែលបានដាក់ពាក្យមានជាង ១ ០០០នាក់ ក្រោយការយកសំណាក អនុញ្ញាតឱ្យបងប្អូនអាជីវកររបស់យើងគាត់ចូលមករៀបចំ ចាប់ផ្តើមដំណើរការបើកផ្សារលើឡើងវិញ ធានាបានសុវត្ថិភាព គម្លាតសុវត្ថិភាពត្រឹមត្រូវ ។

ម្យ៉ាងទៀតការចេញ-ចូលឆ្លងកាត់ការត្រួតពិនិត្យដោយសន្តិសុខ មានបាញ់អាល់កុល ម៉ាស៊ីនវ៉ាស់កម្ដៅ និងការពាក់ម៉ាស ឱ្យបានត្រឹមត្រូវ ។ ក៏ប៉ុន្តែយើងត្រូវកំណត់ចំនួនមនុស្សចេញ-ចូល ដើម្បីបើកសេដ្ឋកិច្ច អាជីវកម្មផ្សារលើរបស់យើងឡើងវិញ ។ សម្រាប់ខេត្តព្រះសីហនុ ផ្តើមចេញពីការបើកឱ្យដំណើរការផ្សារលើ និងបន្តបើកដំណើរការផ្សារផ្សេងៗទៀត និងធានាបានសុវត្ថិភាព យើងនូវមានកិច្ចការជជែកគា្នច្រើនទៀតដូចជា ការទូទាត់សាច់ប្រាក់ជាដើម។ យើងត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពក្នុងគន្លងថ្មី ។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនចេញ-ចូលផ្សារ ត្រូវកំណត់គោលដៅរបស់ខ្លួន ហើយត្រូវទិញអ្វី ប្រញាប់ប្រញាល់ទិញ និងចាកចេញទៅវិញ ព្រោះផ្សារជាកន្លែងប្រមូលផ្តុំមនុស្សច្រើន នាំឱ្យមានការចម្លងវីរុសកូវីដ-១៩ ។ រាល់ទំនិញត្រូវបិទតម្លៃ ដើម្បីកុំឱ្យមានការតថ្លៃ កាត់បន្ថយការប៉ះពាល់ ការជជែកគ្នាជាប្រភព នៃការឆ្លងជំងឺកូវីដ-១៩ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook