(រ៉ង់ហ្គូន)៖ សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារទី១០ ខែសីហានេះថា ខ្លួននឹងផ្តល់ជំនួយជាង៥០លានដុល្លារអាមេរិកជូនដល់ប្រទេសមីយ៉ាន់ម៉ា ខណៈការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះកាន់តែធ្ងន់ធ្ងរឡើង ក្រោយពីរបបយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលិទ្ធិប្រជាជាធិបតេយ្យកាលពីដើមឆ្នាំនេះ។ នេះបយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា មូលនិធិរបស់អាមេរិកដែលផ្តល់ជូនប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ នឹងបានជួយដល់អ្នកដែលបង្ខំឱ្យរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ ព្រមទាំងជួយដល់ក្រុមផ្តល់សេវាថែទាំសុខភាព បន្ថែមលើវត្ថុចាំបាច់ដូចជាអាហារ ទីជម្រក និងទឹកជាដើម។ ស្របជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកក៏នឹងផ្តល់ជំនួយជូនដល់ប្រទេសថៃចំនួន៥លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។
លោក Price បានកត់សម្គាល់ថា ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការបង្កើនជំនួយមនុស្សធម៌ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើជីវិតប្រជាជននៅទូទាំងប្រទេសថៃនិងភូមា៕
ដោយ គង់ សុខឡេង។
