Connect with us

ព័ត៌មានជាតិ

ឆមាសទី១កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង១០ម៉ឺននាក់

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង១០ម៉ឺននាក់ ថយចុះ៩១,៣ ភាគរយ ខណៈពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង១ម៉ឺននាក់ ថយចុះ៩៦,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ របាយការណ៍ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហានេះ បានបញ្ជាក់ថា ភ្ញៀវអន្តរជាតិដែលមកកម្ពុជា មានតាមផ្លូវអាកាស ៤៦.២៤៩ នាក់ តាមផ្លូវគោក៥៦.៣០៩នាក់ និងមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុបជិត២លាននាក់ ថយចុះ៣៧,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបជាង១៤ម៉ឺននាក់។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ ក្រោមកិច្ចទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បាននិងកំពុងរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឡើងវិញ តាមរយៈផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍ ក្នុងគោលបំណងជំរុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងជំរុញលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយឱ្យបាននៅត្រឹមត្រីមាសទី៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ បន្ទាប់ពីធ្លាក់ចុះដល់៨០ភាគរយ ដោយបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។ រាជរដ្ឋាភិបាល រំពឹងថា វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២៥៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook