Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញកងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងការ ទប់ស្កាត់ការឆ្លង ដែនខុសច្បាប់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩

(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានណែនាំដោយជំរុញកងកម្លាំងប្រដាប់អាវុធមន្ត្រីសុខាភិបាលទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានតឹងរ៉ឹងបំផុត។ធានាការពារការរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីទប់ស្កាត់កាត់ផ្តាច់ការចម្លងមេរោគបំប្លែងថ្មីដែលតា(Delta)នៃជំងឺកូវីដ-១៩ខណៈដែលបាននិងកំពុងផ្ទុះរាលដាលយ៉ាងខ្លាំងនៅប្រទេសថៃហើយក៏បានឆ្លងចូលមកកម្ពុជានោះ។

ឯកឧត្តមអ៊ុំ រាត្រី បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចុះពិនិត្យមើលស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុកថ្មពួកនៅច្រកបឹងត្រកួននិងស្រុកអូរជ្រៅច្រកអូរបីជាន់នាល្ងាចថ្ងៃ៤កើតខែស្រាពណ៍ឆ្នាំឆ្នូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១២ខែសីហាឆ្នាំ២០២១។

នេះគឺជាស្ថានភាពនៅមុនព្រំដែននឹងបើកឡើងវិញនៅរំលងអធ្រាត្រចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ហើយពលករខ្មែរវិលពីធ្វើការនៅប្រទេសថៃរាប់រយនាក់ដែលជាប់គាំងនៅព្រំដែននឹងអាចធ្វើមាតុភូមិនិវត្តន៍បាននោះ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានក្រើនរម្លឹកបន្ថែមដល់កងកម្លាំងមន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការការពារនិងទប់ស្កាត់ឱ្យខាងតែបាននូវរោគរាតត្បាតនៃជំងឺកូវីដ-១៩នេះហើយចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាដោយអនុវត្តន៍តាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញនោះគឺ៣ការពារ៣កុំឱ្យបានខ្ជាប់ខ្ជួន។

រីឯឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានបញ្ជាដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទប់ស្កាត់ឱ្យខាងតែបានចំពោះការលួចឆ្លងដែននៅតាមច្រករបៀងនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងថ្មីដែលតាបន្ទាប់ពីវិធានការបិទព្រំដែនរយៈពេលពីរសប្តាហ៍ត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១នេះហើយ។

លោកឧត្តមសេនីយ៍ត្រីបានឱ្យដឹងទៀតថា ក្នុងពេលបិទខ្ទប់ព្រំដែនរយៈពេលពីរសប្តាហ៍កន្លងទៅនេះកងកម្លាំងនៅព្រំដែនបានឃាត់ពលករឱ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែនសរុបចំនួន១៥១នាក់ប្រុស៧៥នាក់ស្រី៧២នាក់និងកុមារ៤នាក់។ ពលករទាំងអស់នឹងបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅច្រកអូរបីជាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១រូបនេះក៏នូវបានអំពាវនាវដល់ពលករខ្មែរកុំចាញ់បោកមេខ្យល់ឬការញុះញង់លួចឆ្លងដែនដោយខុសច្បាប់ដែលនាំឱ្យខាតបង់ថវិកានិងអាចនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook