(ព្រះសីហនុ)៖ កាលពីថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ០២អាគារ មានកម្ពស់ ០២ជាន់ នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។

អគារទាំងពីរខ្នងនេះ គឺចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភអាគារស្នាក់នៅចំនួន ២ខ្នង មានកម្ពស់ពីរជាន់ ដែលមានទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣៦ម៉ែត្រ ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យការស្នាក់នៅរបស់កងទ័ពក្នុងការហ្វឹកហ្វឺន និងការស្នាក់នៅរបស់កងអន្តរាគមន៍។ ចំពោះការសាងសង់អគារទាំងពីរខ្នងខាងលើនេះ សម្រេចបានជាង ៦៥ភាគរយ និងអាចបញ្ចប់នៅចុងឆ្នាំ២០២១នេះ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានកោតសរសើរក្រុមការងារសាងសង់ ទោះបីជួបវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់នៅតែបន្តប្រព្រឹត្តទៅតាមការគ្រោងទុក ។ ឯកឧត្តម ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់ និងជំរុញការងារសាងសង់ឱ្យកាន់តែលឿនទៅតាមគំរូប្លង់ និងមានគុណភាព ធានាក្នុងការប្រើប្រាស់បានយូរអង្វែង ដើម្បីឱ្យកងទ័ពស្នាក់នៅ និងបំពេញការ ងារបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕


