យោងតាមប្រភពបណ្តាញសង្គម ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាន នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករថៃបាននាំគ្នាដុតផ្លែឈើ នៅកណ្តាលផ្លូវក្បែរវិមានឯករាជ្យ ជាសញ្ញានៃផលប៉ះពាល់ដល់កសិករ ដែលរដ្ឋាភិបាលមិនអើពើ និងបង្ហាញពីការបរាជ័យរបស់រដ្ឋាភិបាល ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា។ ជាមួយគ្នានោះដែរ កាលពីថ្ងៃពុធ ខែ-ឆ្នាំ ដដែល ថ្មីៗនេះ ក្រុមប៉ូលិសថៃបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអស់រយៈពេល ២ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង ជុំវិញភាពកម្សោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមបាតុកររាប់រយនាក់ បានបាចម្សៅពណ៌ទៅលើក្រុមប៉ូលិស ខណៈពេលព្យាយាមដើរក្បួនទៅកាន់ផ្ទះរបស់លោកប្រាយុទ្ធ ចាន់អូចា ហើយប៉ូលិស បានតបវិញដោយឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុកម្ម និងប្រើរបងលួសបន្លា និងកុងតឺន័រ ដើម្បីបិទផ្លូវ។ ប៉ូលិសបានការពារការប្រើកម្លាំងរបស់ខ្លួន ដោយថា ជាវិធានការសុវត្ថិភាពសាធារណៈដ៏ចាំបាច់មួយ ដើម្បីកុំឱ្យមានការខូចខាតច្រើន ហើយនិយាយថាមនុស្ស៤៨នាក់ ដែលត្រូវចាប់ខ្លួន ត្រូវប្រឈមនឹងការចោទប្រកាន់រួមមាន ការបំពានច្បាប់រឹតត្បឹត ដើម្បីការពារវីរុសកូរ៉ូណា ដែលហាមឃាត់ការជួបជុំសាធារណៈជាដើម។

លោក ប្រាយុទ្ធ ចាន់អូចា រងការរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងការបរាជ័យរបស់លោកក្នុងការទប់ទល់នឹងរលកឆ្លងនៃជំងឺកូវីដ១៩ ដែលសម្លាប់មនុស្សអស់ជាង៦៧០០នាក់ និងមានអ្នកឆ្លងរហូតដល់ជាង ៧៨៨ ០០០ ករណីទូទាំងប្រទេសនេះ។ ហើយចលនាបាតុកម្ម ដែលដឹកនាំដោយក្រុមយុវជន ព្យាយាមផ្តួលរំលំអតីតមេដឹកនាំយោធារូបនេះ អំឡុងការប្រមូលផ្តុំគ្នាដ៏ធំកាលពីចុងឆ្នាំមុន ដោយចោទថា លោកបានឃុបឃិតជាមួយប្រព័ន្ធនយោបាយរបស់ថៃ ដើម្បីបន្តការដឹកនាំ ប៉ុន្តែត្រូវបានលោកប្រាយុទ្ធបដិសេធ។ ថ្វីបើមេដឹកនាំបាតុករស្នូលខ្លះនៅជាប់ឃុំក៏ដោយ ចលនានេះបានងើបឡើងវិញ ចាប់តាំងពីស្ថានភាពជំងឺកូវីដ ១៩ កាន់តែអាក្រក់ទៅៗ៕
ដោយ គង់ សុខឡេង។





