បរទេស៖ កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងបានចាមផ្តើមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំង រហូតដល់ព្រមានថា សមយុទ្ធនេះធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាពអន្តរកូរ៉េទាំងមូល។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងធ្លាប់ផ្តាច់ទំនាក់ទំនងខ្សែរទូរសព្ទក្រហមជាមួយកូរ៉េខាងត្បូងម្តងរួចទៅហើយ ដោយសារតែកូរ៉េខាងត្បូងមិនអាចធ្វើឱ្យអាមេរិកដកទណ្ឌកម្មពីកូរ៉េខាងជើងបាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងរិះគន់មកលើរដ្ឋាភិបាលកូរ៉េខាងជើងទៀតផង។ នៅក្នុងឆ្នាំ២០២១នេះ ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនងខ្សែរទូរសព្ទក្រហមឡើងវិញ ក្នុងនាមជាមិត្តភាពបងប្អូននឹងគ្នា។ ស្រាប់តែឥឡូវនេះ កូរ៉េខាងត្បូងបែរជាធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកទៅវិញ ដែលសមយុទ្ធនេះកូរ៉េខាងជើងប្រឆាំងដាច់ខាត ពីព្រោះវាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងល្អនៅក្នុងឧបទ្វីបកូរ៉េ។ ហើយកូរ៉េខាងជើងបានចាត់ទុកសមយុទ្ធនេះថា ជាការហ្វឹកហាត់សមដើម្បីឈ្លានពាន។
យោងតាមសារព័ត៌មាន AFP បានឱ្យដឹងថា សមយុទ្ធទាំងនេះ កើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែនៃរដ្ឋការអាមេរិក ស្ថិតនៅក្រោមលោកប្រធានាធិបតី ចូ បៃដិន ដោយកិច្ចចរចាពីបញ្ហានុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនជាប់គាំង។ កូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលបានធ្វើការវាយប្រហារអ្នកជិតខាងរបស់ខ្លួននៅក្នុងឆ្នាំ១៩៥០ និងបានបង្កឱ្យមានសង្គ្រាមកូរ៉េរ៉ាំរ៉ៃ ក៏ព្រោះតែសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា សម្ព័ន្ធមិត្តទាំង២(កូរ៉េខាងត្បូងនិងអាមេរិក) ធ្វើសមយុទ្ធរួមគ្នា ដើម្បីការរក្សាជំហរត្រៀមប្រយុទ្ធ និងគាំទ្រកិច្ចប្រឹងប្រែងការទូតក្នុងគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ លោក Chad O’ Carrell ជា CEO នៃក្រុមហ៊ុន Korea Risk Group ដែលតាមដានប្រទេសកូរ៉េខាងជើងបាននិយាយថា ខណៈដែលទីក្រុងព្យុងយ៉ាង ពេលខ្លះបានឆ្លើយតបសមយុទ្ធបែបនេះជាមួយនឹងការបង្ហាញកម្លាំងយោធារបស់ខ្លួនផ្ទាល់ ទីក្រុងនេះទំនងជាធ្វើដូច្នេះទៀត នៅពេលនេះ។ ប៉ុន្តែបន្ទាប់ពីជំនួបលើកទី១រវាងអាមេរិក និងកូរ៉េខាងជើងនៅប្រទេសសិង្ហបុរី នៅខែមិថុនា ឆ្នាំ ២០១៨ ក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកការធ្វើសមយុទ្ធយោធារួមជាមួយប្រទេសកូរ៉េខាងត្បូង។ ចំណែកជំនួបលើកទី២ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនៅខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ចប់ដោយមិនមានការរីកចម្រើនឈានទៅរកការសម្រេចគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យប្រទេសកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។
ក្រុមអ្នកជំនាញនិយាយថា ប្រទេសកូរ៉េខាងជើងអាចប្រើប្រាស់សមយុទ្ធយោធានៅពេលខាងមុខ ដើម្បីបង្កហេតុជាថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ខណៈដែលខ្លួនកំពុងព្យាយាមធ្វើតេស្តរដ្ឋការលោក បៃដិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានចាត់វិធានការដើម្បីកុំឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ប៉ុន្តែអាមេរិកខកខានមិនបានធ្វើតបវិញទេ ដោយបន្សល់ទុកឱ្យខ្លួន (ទីក្រុងព្យុងយ៉ាង) នូវ «អារម្មណ៍មួយថាជាការក្បត់»។ ដោយសារតែអាមេរិកមិនបានអនុវត្តនូវអ្វីដែលខ្លួនបាននិយាយជាមួយទីក្រុងព្យុងយ៉ាងបែបនេះហើយ ទើបធ្វើឱ្យកូរ៉េខាងជើងមិនស្បាយចិត្ត រហូតដល់មានការជំទាស់មិនឱ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។
បើតាមអ្វីដែលបានលើកឡើងដោយអ្នកវិភាគខាងលើនេះ មើលទៅទំនាក់ទំនងខ្សែរទូរសព្ទក្រហមរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងមិនអាចមានភាពល្អប្រសើរ ដូចអ្វីដែលកូរ៉េទាំងពីរចង់បានឡើយ។ ដើម្បីជាក់ច្បាស់ពីរឿងនេះ យើងរងចាំមើលមើល៍! ថាតើកូរ៉េខាងត្បូងនិងកូរ៉េខាជើងមានទំនាក់ទំនងល្អនឹងគ្នាឡើងវិញឬយ៉ាងណា? ។ សូមបញ្ជាក់ថា៖ សមយុទ្ធយោធារួមគ្នារវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិងកំពុងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៕
ដោយ គង់ សុខឡេង។













