(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស កូវីដ១៩» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។
ដោយសារតែមានការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ជាពិសេសកូវិដ១៩ បំប្លែងថ្មី ដែលតា (Delta) យ៉ាងគំហុកមកលើប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ទើបក្រសួងសយខាភិបាល សម្រេចរៀបចំពិធិបើកយុទ្ធនាការជាលក្ខណៈថ្នាក់ជាតិ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង លោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF។ ស្របជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣នាក់ ខណៈអ្នកជំងឺចំនួន៨០៦នាក់បានជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។
សូមបញ្ជាក់ថា៖ គិតថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៦,០៤១នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៨១,២០២នាក់ និងស្លាប់សរុបចំនួន១,៧០៤នាក់៕
ដោយ គង់ សុខឡេង។











