Connect with us

ព័ត៌មានជាតិ

សាធារណរដ្ឋកូរ៉េ ផ្តល់អគារមន្ទីរពិសោធន៍ជាជំនួយឥតសំណងដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពី ថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុង ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ (KICT) និងសាជីវកម្មផ្លូវល្បឿនកូរ៉េដែលបានផ្តល់ជាជំនួយឥតសំណង តាមរយ:គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់ គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូ ននៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានណែនាំឱ្យក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ធ្វើយ៉ាងណា ឱ្យសំណង់មានគុណភាពល្អ ដើម្បីទុកជាថ្នាលបណ្តុះបណ្តាល សិក្សាស្រាវ ជ្រាវ និងពិសោធន៍សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។

អគារមន្ទីរពិសោធន៍នេះមានប្រវែង ១៨ម៉ែត្រ x ២៥ម៉ែត្រ កម្ពស់២ជាន់ ក្នុងនោះមាន៖ បន្ទប់ពិសោធន៍កៅស៊ូ (Asphalt Test Lab) បន្ទប់ពិសោធន៍បេតុង (Concrete Test Lab) បន្ទប់ថែទាំបេតុង (Curing Room) បន្ទប់រក្សាទុក និងបន្ទប់ការិយាល័យ ដោយ គ្រោងចំណាយថវិកាប្រមាណ ៥៨០ ០០០ដុល្លារអាម៉េរិក ជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ (KICT) នៃ “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា (Renewal Project of Road Construction and Management System for Cambodia) ដោយ ចំណាយរយ:ពេល ៧ខែសម្រាប់សាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើម ផ្លូវថ្នល់ និងជួយបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ បាននិងកំពុងសិក្សាមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក កំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ។

២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ។ ៣) ដេប៉ាតឺម៉ង់នាវាចរណ៍ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ កម្មវិធីសិក្សាមានរយៈពេលពេញមួយថ្ងៃ (ព្រឹក និងរសៀល) ៥ថ្ងៃក្នុងមួយសប្តាហ៍ ព្រឹកចាប់ពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ១១:00 និងរសៀលចាប់ពីម៉ោង ១:00 ដល់ម៉ោង ៥:00 និងថ្នាក់បំប៉នភាសាអង់គ្លេស ចន្ទ-ពុធ-សុក្រ ចាប់ពីម៉ោង៥:៣០ ដល់ម៉ោង៧:០០យប់ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook