ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការចុះបញ្ជីនៅក្រសួងព័ត៌មាន ប្រយោជន៍ការពារអ្នកសារព័ត៌មានខ្លួនឯង។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយនឹងក្រុមការងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។
ឯកឧត្តមបានថ្លែងថា៖ «គ្រប់អង្គភាពសារព័ត៌មានទាំងអស់ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបន្ថែមទៀត ក្រោយពីបានចុះបញ្ជីនៅក្រសួងព័ត៌មានរួចហើយ ពីព្រោះការចុះបញ្ជីនេះ អង្គភាពត្រូវបង់ពន្ធជូនរដ្ឋតាមគោលការណ៍កំណត់របស់រដ្ឋ ប្រយោជន៍ដើម្បីការពារអ្នកសារព័ត៌មានខ្លួនឯង»។ «ពេលអង្គភាពបង់ពន្ធជូនរដ្ឋ រដ្ឋនឹងចេញបណ្ណរបបសន្តិសុខសង្គមដល់បុគ្គលិក តាមការស្នើសុំរបស់អង្គភាពនោះ»។ «ម្យ៉ាងវិញទៀត ពួកគាត់អាចទទួលបានប្រាក់ចូលនិវត្តន៍ទៀតផង» ។ ពាក់ព័ន្ធការបង់ពន្ធជូនរដ្ឋ ឯកឧត្តមបានមានប្រសាសន៍ថា អាស្រ័យលើប្រាក់ចំណូលរបស់អង្គភាព រដ្ឋមិនមានការបង្ខិតបង្ខំ ថាត្រូវតែបង់ពន្ធនោះទេ។
លោកអគ្គនាយក វណ្ណ សុភានោ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ប្រសាសន៍ណែនាំដ៏មានអត្តន័យនិងប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពត៌មាន ជាពិសេស ដែលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យក្រុមការងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាពចូលជួបសម្តែងការគួរសម និងបានជូនផលិតផលថែរក្សារសុខភាពរបស់ក្រុមហ៊ុនអរអេហ្វស្រ៊ីវើលដ៏ម៉ាឃេតធីងខេមបូឌា និងម៉ាស់ព្រមទំាងអាល់កុលមួយចំនួនជូនក្រសួងដើម្បីប្រើប្រាស់ផងដែរ។
ក្នុងឳកាសនោះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជូនពរដល់ក្រុមការងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ គង់ សុខឡេង។




