ក្រោយពីមានករណីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពេលនេះចំនួនមនុស្សស្លាប់បានលោតឡើងយ៉ាងគំហុកដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់ទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់របាយការណ៍ចេញពី ទីភ្នាក់ងារការពារស៊ីវិល (CPA) នៃប្រទេសហៃទី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យលំនៅឋានប្រជាជន និងអគារសាធារណៈនានា រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ព្រមទាំងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ នៃប្រទេសដីកោះមួយនេះដួលរលំផងដែរគិតត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរអគារបាក់បែក នៅតែកំពុងបន្តនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ ។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែសកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ លោក ហ្គូទែរែស បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានសារមួយជូនដល់ប្រជាជនហៃទី នោះគឺអ្នកមិនឯកោឡើយ, យើងនឹងឈរនៅជាមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ»។
គួររំលឹកថា រដ្ឋធានីព័រអូព្រីន នៃប្រទេសហៃទី បានទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ កាលពីខែមករា ឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សរហូតដល់ជាង ២០០,០០០នាក់ ហើយពិតជាសោកនាដកម្មដ៏ធំធេង បង្កឡើងគ្រោះធម្មជាតិរញ្ជួយដី នៅក្នុងប្រទេសក្រីក្រដែលមានប្រជាជនជាង ១០លាននាក់មួយនេះ៕
