(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុម តាមជើងយន្តហោះពិសេស នាំយកនូវជំនួយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ផ្ដល់ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារួចហើយ នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ នៅឯព្រលានយន្តហោះទីក្រុងណៃពិដោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។
គួរបញ្ជាក់ដែរថា បើយោងតាមលិខិតចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ផ្ញើជូនឯកឧត្ដម ឧត្ដមសេនីយ៍ មីង អោងឡាំង ប្រធានប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំបានតាមដាន កិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ រាតត្បាត នេះតាំងពីដំបូងមក”។
សម្ដេចតេជោបន្តថា ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពរវាងប្រទេស យើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០ ០០០ ដុល្លារអាម៉េរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ានជួយមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់ សម្របសម្រួលជំនួយមនុស្សធម៌(AHA Centre)។ ជាមួយគ្នានេះ យើងក៏នឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួន ដែលរួមមាន ម៉ាសចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០ ០០០ សម្លៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ ០០០ ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿងម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដាន សញ្ញាជីវិតចំនួន ២០គ្រឿង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់យ៉ាងមុត មាំថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងៗ នឹងយកឈ្នះលើជំងឺរាតត្បាត សកលនេះទាំងស្រុង»។ ជាមួយគ្នានេះដែរ ដើម្បីរួមចំណែកជួយដោះស្រាយការ លំបាក របស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ-១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ អាម៉េរិក ជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
គួររម្លឹកដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន ផ្តល់ម៉ាសប្រមាណ ២លានម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ ក្រៅពីប្រទេស មីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។ ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម និងឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រឡេស្តេផងដែរ៕

