បាត់ដំបង៖ ក្រៅពីធ្វើស្រែចម្ការ កសិករខេត្តបាត់ដំបងបាននាំគ្នាដាំម្រះដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ខណៈដាំណាំប្រភេទនេះ ងាយស្រួលដាំដុះ ប្រើពេលខ្លី ឆាប់ទទួលផល និងមានទីផ្សារល្អ ។ លោក វឿត ជាកសិកររស់នៅក្នុងភូមិ អន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីទំនេរដៃពីការ បង្កបង្កើនផលស្រូវ លោកបានងាកមកដាំម្រះជាលើកដំបូង ដើម្បីដកស្រង់បទពិសោធន៍ តែក្រោយមក ហាក់ជោគជ័យគួរសម ទាំងបរិមាណនិងគុណភាព។
លោកបន្តថា បច្ចុប្បន្ននេះលោកដាំម្រះ លើផ្ទៃដីជាង៥០០ម៉ែត្រក្រឡា ដែលផ្តល់ផលម្តងជាង១០០គីឡូក្រាមក្នុង១ថ្ងៃ ពិសេស អាចប្រមូលផលបានពេញមួយឆ្នាំ។ លោកបន្តទៀតថា ដំណាំដាំម្រះនេះដែរមិនពិបាកទីផ្សារឡើយ មានអតិថិជនមកទទួលទិញដល់កន្លែង ដើម្បីយកទៅលក់បន្ត ហើយតម្លៃ ក្នុង១គីឡូក្រាមចាប់ពី១៥០០រៀលទៅ១៧០០រៀលដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារបានមួយកម្រិត។ សំឡេង:” ការដាំម្រះនេះដែរទទួលបានចំណូលដូចជាអាចផ្គត់ផ្គង់ការសិក្សាកូន លុយទិញម្ហូប និងលុយចាយប្រចាំថ្ងៃ”។ សូមបញ្ជាក់ថា ម្រះផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជាៈជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ,ជំនួយ ឆ្អឹង និង ការពារជំងឺពុក ឆ្អឹង, ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក, ជួយសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ជាដើម៕
