(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងរដ្ឋសភានៃប្រទេសឡាវ បានបង្ហាញពីការប្តេជ្ញា និងគាំទ្រគ្នាទៅវិញទៅមកលើការដោះស្រាយបញ្ហា និងវិបត្តិនានា ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងសងខាង ខណៈកំពុងរងគ្រោះពីការរាតត្បាតជំងឺកូវីដ១៩។
ការបង្ហាញជំហរនេះ ធ្វើឡើងរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋកម្ពុជា និងឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយគ្នា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ។ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរ បានលើកឡើងពីបញ្ហាមួយចំនួន ដែលកើតមាននៅក្នុងបរិបទតំបន់ និងពិភលោក កំពុងរងគ្រោះពីការរាតត្បាតជំងឺកូវីដ-១៩ ដែលបញ្ហានេះ ទាមទារនូវកិច្ចសហប្រតិបត្តិការសភា ទំាងក្នុងកម្រិតទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយបញ្ហារួមមួយនេះ ដើម្បីបម្រើសុខុមាលភាពពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់ និងសកលលោក។ សម្តេចពញាចក្រី ហេង សំរិន បង្ហាញជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ និងរដ្ឋសភា នឹងកាន់តែជិតស្និទ្ធ ព្រមទាំងផ្តល់នូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គមជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទាំងសងខាង។

សម្តេចមានប្រសាសន៍ថា ក្នុងសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សំាងជូនពលរដ្ឋដោយមិនគិតថ្លៃ ទំាងលើមនុស្សពេញវ័យឱ្យបានជាង១០លាននាក់ និងកុមារ ដែលមានអាយុពី១២ ដល់១៧ឆ្នាំជិត២លាននាក់ ដែលផែនការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលអាចនាំឱ្យសង្គមកម្ពុជា វិលទៅភាពប្រក្រតីវិញ ឈានដល់ការស្តារសេដ្ឋកិច្ចនិងសង្គមបានក្នុងពេលឆាប់ៗនេះ។ សម្តេច បានគូសបញ្ជាក់ថា ក្រៅពីការខិតខំ ថែរក្សាសុខុមាលភាពជូនពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារសេដ្ឋកិច្ច ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្ម តាមរយៈការទម្លាក់មូលនិធិសង្គមបន្តបន្ទាប់ពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង១.៤៥០លានដុល្លារ។
ឯកឧត្តម សាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវដែលកំពុងប្រឈមជាមួយនឹងរលកទី២។ ប្រធានរដ្ឋសភាឡាវរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាល និងប្រជាជនឡាវ បាននិងកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបានខិតខំលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចជាតិផង៕


