Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍គន់ គីម នាំយកអំណោយសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន​ឧបត្ថម្ភជូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយគន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយសប្បុរសជន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន មកឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានរាយការណ៍ថា អតីតយុទ្ធជនចំនួន ១៤១គ្រួសារដែលគ្មានដីនិងគ្មានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងមានគ្រប់លក្ខខណ្ឌក្នុងការទទួលបានដីសម្បទានសង្គមកិច្ចបានអញ្ជើញមកចាប់ឆ្នោតទទួលយកក្បាលដីក្នុងមួយគ្រួសារមួយម៉ឺនប្រាំពាន់ម៉ែត្រការ៉េ និងផ្ទះមួយខ្នងដែលមានទំហំ០៧ម៉ែត្រគុណ ០៥ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ ២០២១កន្លងមកនេះ ប្រកបដោយភាពយុត្តិធម៌ ។

លោកស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងបណ្ដាមន្ទីរជុំវិញខេត្តជាមួយនឹងក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះនីមួយៗដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់បងប្អូនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ។

ក្នុងឱការនេះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នគ្រួសារអតីតយុទ្ធជនទាំងអស់បានមករស់នៅនិងបង្កបង្កើនផលនៅលើដីសម្បទានសង្គមកិច្ចនិងផ្ទះបានគ្រប់ចំនួនរួចរាល់ហើយ តែបងប្អូននៅមានជួបផលលំបាកមួយចំនួនដូចជាប្រព័ន្ធផ្លូវនៅក្នុងភូមិ បញ្ហាអគ្គិសនី និងអណ្ដូងទឹកស្អាត មិនទាន់មានសម្រាប់ នៅឡើយ ហើយក្នុងរដូវវស្សានេះទីតាំងមួយចំនួនត្រូវលិចទឹក ។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរគ្រប់ពេលវេលាដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទីនេះ ព្រមជាមួយនេះ សម្ដេចតេជោបានផ្តល់ផ្ទះសម្រាប់ជូនបងប្អូនស្នាក់នៅ និងដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត និងការផ្ដល់វ៉ាក់សាំងជាអទិភាពដើម្បីការពារអាយុជីវិតមិនឲ្យឆ្លងមេរោគកូវីត-១៩ និងបានសំណូមពរឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារត្រូវខិតខំការពារសុខភាពដោយអនុវត្តតាមវិធានការបីការពារនិងបីកុំ របស់សម្ដេចតេជោ នឹងខិតខំបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅអោយបានល្អប្រសើរ ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននៅក្នុងពេលនេះ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៤០ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀតផង ។ បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី​បំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រិត្តបណ្ឌិត និងបានប្ដេជ្ញាចិត្តដាច់ខាតគាំទ្រសម្ដេចតេជោហ៊ុនសែន លុះអវសានជីវិត ព្រមទាំងខិតខំអភិវឌ្ឍលំនៅដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕




Click to comment

Leave a Reply

Your email address will not be published.

Facebook