ព័ត៌មានទាន់ហេតុការណ៍
បទវិភាគអន្តរជាតិ៖ ងាកមកមតាមដានពីប្រវត្តិរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែលជាក្រុមភេរវជនអន្តរជាតិ

នៅឆ្នាំ២០០១ ក្រោយការវាយប្រហារភេរវកម្ម នៅញូវយ៉កនិងវ៉ាស៊ីងតោន ពិភពលោកទាំងមូលបានឮពីឈ្មោះ អូសាម៉ា ប៊ិនឡាដិន និង ក្រុមភេរវជនអាល់កៃដា។ ក្រុមភេរវជន ដែលបានក្លាយជាការគំរាមកំហែង ផ្នែកសន្តិសុខអន្តរជាតិ ដ៏ធំបំផុតមួយ ហើយដែលបាននាំមកនូវការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មាន នៅក្នុងភូមិសាស្រ្តនយោបាយពិភពលោក ចាប់តាំងពីក្រោយសង្រ្គាមត្រជាក់។
ប្រមាណជា១០ឆ្នាំក្រោយមក ក្រោយពីបានធ្វើសង្រ្គាមចំនួនពីរ គឺ នៅអាហ្វហ្កានីស្ថាន (២០០១) និង នៅអ៊ីរ៉ាក់ (២០០៣) អាមេរិកបានរកឃើញនិងសម្លាប់ប៊ិនឡាដិននៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១ នៅក្នុងប្រតិបត្តិការកុម្ម៉ង់ដូ នៅទីក្រុងអាបូតាបាដ ប្រទេសប៉ាគីស្ថាន។ ក្រុមអាល់កៃដា បានជ្រើសរើសអ្នកថ្មី គឺអៃម៉ាន់អាល់ហ្សាវ៉ាហ៊ីរី ឱ្យឡើង មកធ្វើជា អ្នកដឹកនាំថ្មី តែទោះជាយ៉ាងណា ដូចការរំពឹងទុករបស់លោក បារ៉ាក់ អូបាម៉ា ការស្លាប់របស់ ប៊ិនឡាដិន បាន ធ្វើឱ្យអាល់កៃដា ត្រូវធ្លាក់ចុះទន់ខ្សោយយ៉ាងខ្លាំង។ ក៏ប៉ុន្តែ មកទល់នឹងពេលនោះ មិនមែនមានតែក្រុមអាល់កៃដាមួយទេ ដែលពិភពលោកត្រូវប្រឈមមុខ។ សន្តិសុខអន្តរជាតិ ត្រូវប្រឈមមុខនឹងក្រុមថ្មីមួយទៀត ដែលមានកម្លាំងខ្លាំងជាង ហើយជាពិសេស មានមនោគមន៍វិជ្ជាជ្រុលនិយមជាង និងមានចរិតកាចសាហាវជាងអាល់កៃដាទៅទៀត។ នោះគឺក្រុមជីហាតរដ្ឋអ៊ីស្លាម ហើយក្រុមជីហាតរដ្ឋអ៊ីស្លាមនេះ មានប្រវត្តិកំណើតចេញពីសង្រ្គាមអ៊ីរ៉ាក់ ។ នៅឆ្នាំ ២០០៣ នៅពេលដែលអាមេរិកលើកទ័ពចូលឈ្លានពានអ៊ីរ៉ាក់ លោក ចច ដាបិលយូ ប៊ូស បានប្រកាសថា អ្វីដែល អាមេរិក ធ្វើនៅពេលនោះ គឺដើម្បីរំដោះប្រជាជនអ៊ីរ៉ាក់ឱ្យចេញផុតពីអំណាចផ្តាច់ការរបស់សាដាមហ៊ូសេន។ ក៏ប៉ុន្តែពិតប្រាកដទៅ អ្វីដែលបានកើតឡើង គឺភាពអនាធិបតេយ្យ នៅទូទាំងប្រទេស ហើយស្ថិតក្នុងភាពអនាធិបតេយ្យ នេះ ចលនាបះបោរប្រដាប់អាវុធនៃក្រុមអ្នកកាន់និកាយស៊ុននីត ក៏បានចាប់រីកដុះដាលឡើង យ៉ាងពេញបន្ទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានកងទ័ពអាមេរិកនិងរដ្ឋាភិបាលថ្មី នៅបាកដាដ ដែលគ្រប់គ្រងដោយក្រុមស្ហ៊ីអ៊ីត។ នៅក្នុងចំណោម មេដឹកនាំក្រុមបះបោរប្រដាប់អាវុធ នៅអ៊ីរ៉ាក់នេះ មានមនុស្ស២រូប គឺ អាប៊ូ មូហ្សាប់អាល់ហ្សាកាវី (Abu Musab al-Zarqawi) និង អាប៊ូបាគ័រអាល់បាក់ដាឌី (Abu Bakr al-Baghdadi) ដែលមានតួនាទីយ៉ាងសំខាន់ នៅក្នុងការចាប់កំណើតនៃក្រុមជីហាតរដ្ឋអ៊ីស្លាម។
អាប៊ូមូហ្សាប់ អាល់ហ្សាកាវី ដែលមានដើមកំណើតពីប្រទេសហ្សកដានី បានបង្កើតក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម តាំងពីឆ្នាំ២០០០ ដើម្បីប្រឆាំងនឹងប្រទេសលោកខាងលិច។ ក៏ប៉ុន្តែក្រុមនេះ មិនមានឈ្មោះបោះសំឡេងអ្វីនោះទេ។ រហូតទាល់តែក្រោយពីមានការឈ្លានពានរបស់អាមេរិក នៅឆ្នាំ ២០០៣ ទើបក្រុមនេះ ចាប់ផ្តើមរីកដុះដាល ដោយ ទទួលបាននូវការគាំទ្រពីសំណាក់ក្រុមអ្នកកាន់និកាយស៊ុននីត នៅអ៊ីរ៉ាក់។ នៅពេលនោះ ក្រុមរបស់អាល់ហ្សាកាវី បាន ច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមប្រដាប់អាវុធមួយទៀត ដែលបង្កើតឡើងដោយអាប៊ូបាគ័រអាល់បាកដាឌី បង្កើតទៅជា សាខា ក្រុមអាល់កៃដា ប្រចាំប្រទេស អ៊ីរ៉ាក់។ ពីដំបូងសាខាអាល់កៃដា នៅអ៊ីរ៉ាក់ ត្រូវស្ថិតក្រោមការដឹកនាំរបស់ អាល់ហ្សាកាវី ចំណែកឯ អាល់បាក់ដាឌីវិញ គ្រាន់តែជា មេដឹកនាំថ្នាក់កណ្តាលម្នាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីៗត្រូវប្រែប្រួល នៅ ក្រោយពេលដែលអាល់ ហ្សាកាវី ត្រូវស្លាប់ ក្នុងការវាយប្រហារ ដោយមីស៊ីលអាមេរិក នៅឆ្នាំ ២០០៦។ នៅ ក្រោយ ការស្លាប់របស់អាល់ហ្សាកាវី ឥទ្ធិពលរបស់ អាល់បាក់ដាឌី ក៏ចាប់ផ្តើមកើនឡើងបន្តិចម្តងៗ រហូតបានក្លាយជាមេដឹកនាំ ក្រុមអាល់កៃដា ប្រចាំប្រទេស អ៊ីរ៉ាក់ នៅឆ្នាំ២០១០។ ដោយនៅពេលនោះ សាខាអាល់កៃដា ប្រចាំប្រទេស អ៊ីរ៉ាក់នេះ ត្រូវបានគេដាក់ឈ្មោះថា ជា “រដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់”។
នៅឆ្នាំ២០១១ អាមេរិកបានដកកងទ័ពចេញពីអ៊ីរ៉ាក់។ ការដកថយរបស់អាមេរិកបូករួមជាមួយនឹងអសមត្ថភាព របស់ រដ្ឋាភិបាលអ៊ីរ៉ាក់ បានធ្វើឱ្យក្រុមរដ្ឋអ៊ីស្លាម ចាប់ផ្តើមមានកម្លាំងកាន់តែខ្លាំង ហើយបានវាតទីកាន់កាប់ទឹកដីកាន់តែធំឡើង ជាពិសេស នៅតំបន់ប៉ែកខាងជើង អ៊ីរ៉ាក់។
ឆ្លងព្រំដែនអ៊ីរ៉ាក់ទៅទិសខាងជើងគឺ ស៊ីរី ចលនាបាតុកម្មក្នុងទ្រង់ទ្រាយធំបានផ្ទុះឡើងនៅខែមីនា ឆ្នាំ ២០១១ ដើម្បី តវ៉ាប្រឆាំងនឹងរបបដឹកនាំរបស់ លោក បាស្ហាអាល់អាសាដ។ ក្រោយពីទទួលរងការបាញ់បង្រ្កាបពីសំណាក់កងកម្លាំង របស់លោក អាសាដ ចលនាប្រឆាំងដោយបាតុកម្ម ក៏បានប្រែក្លាយទៅជាចលនាបដិវត្តន៍ប្រដាប់អាវុធ ហើយប្រទេស ស៊ីរី ក៏ត្រូវធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ នៅក្នុងបរិបទនោះហើយ ដែលក្រុមអាល់កៃដា ប្រចាំប្រទេស អ៊ីរ៉ាក់ ចាប់ផ្តើម ពង្រីកកម្លាំងរបស់ខ្លួន ឆ្លងព្រំដែនចូលទៅបង្កើតសាខានៅក្នុងប្រទេសស៊ីរី ដោយដាក់ឈ្មោះ ថា “រណសិរ្សអាល់នូស្រា” (al-Nusra)។ ក៏ប៉ុន្តែ នៅឆ្នាំ២០១៣ អាល់បាក់ដាឌី បានបែកបាក់គ្នាជាមួយនឹងមេដឹកនាំជាន់ខ្ពស់អាល់កៃដា ហើយ ក៏បានផ្តាច់ខ្លួន លែងធ្វើជាសាខាអាល់កៃដា ដោយទៅបង្កើតក្រុមដាច់ដោយឡែកមួយ ដែលគ្របដណ្តប់ទាំងអ៊ីរ៉ាក់ និង ស៊ីរី ហើយដាក់ឈ្មោះ ថា “រដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និង ស៊ីរី” (Isalmic State of Iraq and Syria-ISIS)។
មួយឆ្នាំក្រោយមកទៀត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ អាប៊ូបាគ័រ អាល់បាក់ដាឌី បានប្រកាសតាំងខ្លួនជារដ្ឋអ៊ីស្លាម ដែលមានមូលដ្ឋានធំនៅអ៊ីរ៉ាក់និងស៊ីរី ដែលមានវិសាលភាពគ្របដណ្តប់លើគ្រប់អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់នៅទូទាំងពិភពលោកទាំងមូល។
ជាង១០ឆ្នាំ ក្រោយ អាល់កៃដា ពិភពលោកត្រូវប្រឈមមុខនឹងក្រុមភេរវជនដ៏គ្រោះថ្នាក់មួយថ្មីទៀត។ ក៏ប៉ុន្តែ លើស ពីអាល់កៃដា ដែលគ្រាន់តែជាក្រុមភេរវជន ក្រុមជីហាតរដ្ឋអ៊ីស្លាម បានរៀបចំរចនាសម្ព័ន្ធ និងប្រកាសតាំងខ្លួនជារដ្ឋ ដែល មាន ដែនដី មាន រដ្ឋាភិបាល មាន ថវិកា និង ជាពិសេស មានកងកម្លាំងប្រដាប់អាវុធ ដែលរៀបចំរចនាសម្ព័ន្ធតាមបែប កងទ័ពជាតិនៃរដ្ឋឯករាជ។
ក្រុមជីហាតរដ្ឋអ៊ីស្លាម បានប្រកាសយកទីក្រុងរ៉ាខា (ប្រទេសស៊ីរី) មកធ្វើជារដ្ឋធានីរបស់ខ្លួន មានប្រភពចំណូលផ្ទាល់ខ្លួន ដែល បានមកពីការលក់ប្រេង ការប្រមូលពន្ធ ព្រមទាំងការចាប់ចំណាប់ខ្មាំងទារយកប្រាក់ ហើយកងកម្លាំងប្រដាប់អាវុធ របស់ក្រុមជីហាតរដ្ឋអ៊ីស្លាម ត្រូវបានគេប៉ាន់ស្មាន ថា មានចំនួនក្នុងចន្លោះពី១០ម៉ឺនទៅ២០ម៉ឺននាក់។
កម្លាំងប្រដាប់អាវុធ ប្រភពធនធាន បូករួមជាមួយនឹងមនោគមន៍វិជ្ជាអ៊ីស្លាមជ្រុលនិយម ហួសហេតុ បានធ្វើឱ្យក្រុមជីហាត រដ្ឋអ៊ីស្លាម ត្រូវក្លាយទៅជាក្រុមភេរវជនដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក នៅក្នុងពេលបច្ចុប្បន្ន ហើយមនុស្សជាច្រើន យល់ថា កត្តាដ៏ចម្បងបំផុត ដែលរួមចំណែកធ្វើឱ្យក្រុមជីហាតរដ្ឋ កកើត និង រីកដុះដាល ដូចជាពេលបច្ចុប្បន្ន នេះ គឺ ការឈ្លានពានរបស់អាមេរិកទៅលើអ៊ីរ៉ាក់នៅឆ្នាំ ២០០៣។
គេនៅចាំបានថា នៅពេលដែលអាមេរិកលើកទ័ពចូលឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ លោក ចច ដាបិលយូ ប៊ូស បាន ប្រកាស ថា អ្វីដែលអាមេរិកធ្វើ នៅពេលនោះ គឺដើម្បី រំដោះប្រជាជនអ៊ីរ៉ាក់ឱ្យចេញផុតពីអំណាចផ្តាច់ការរបស់ សាដាមហ៊ូសេន។ ក៏ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បន្ន នេះ ១៣ឆ្នាំ ក្រោយការឈ្លានពានរបស់អាមេរិក១៣ឆ្នាំ ក្រោយការដួលរលំ នៃ របបផ្តាច់ការសាដាមហ៊ូសេន ប្រជាជនអ៊ីរ៉ាក់ រាប់សិបម៉ឺននាក់ នាំគ្នារត់ភៀសខ្លួន ទាំងប្រថុយនឹងការស្លាប់ ដើម្បី គេចចេញពីបញ្ហាអសន្តិសុខនិងភាពអនាធិបតេយ្យ ក្នុងប្រទេស និង ជាពិសេស គេចចេញ ពីក្រុមជីហាតរដ្ឋអ៊ីស្លាម។
គួររំឭកផងដែរថា ថ្វីត្បិតការវាយដណ្តើមយកបានទីតាំងចុងក្រោយរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី ជាលទ្ធផលនៃការរួមដៃគ្នាប្រយុទ្ធអស់៥ឆ្នាំ របស់សម្ព័ន្ធអន្តរជាតិ ដែលនាំមុខដោយសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមនេះរលាយបាត់រូបរាង នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែបណ្តាញរបស់ក្រុមនេះ (ជីហាតរដ្ឋអ៊ីស្លាម) នៅតែមានគ្រប់ទីកន្លែងក្នុងពិភពលោក។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ទីតាំង៨កន្លែង តាំងពីតំបន់ដើមបូព៌ា អាហ្រ្វិក រហូតដល់អាស៊ី ដែលក្រុមជីហាតរដ្ឋអ៊ីស្លាម កំពុងមានបណ្តាញចាក់គ្រឹះ សម្រាប់ដើរធ្វើភេរវកម្ម ប្រឆាំងអាជ្ញាធរម្ចាស់ស្រុក។ ក្រុមជីហាតរដ្ឋអ៊ីស្លាមមានជំរំ ហើយនិងទាហានប្រយុទ្ធដ៏សកម្ម នៅយេម៉ែន។ ចំណែក អេហ្ស៊ីប ក្រុមអ៊ីស្លាមជ្រុលនិយម នៅតំបន់ស៊ីណៃ ដែលមានគោលដៅវាយប្រហារទៅលើប៉ូលិស អេហ្ស៊ីបបានប្រកាសភ្ជាប់ខ្លួន ទៅក្រុមជីហាតរដ្ឋអ៊ីស្លាម។ នៅអាស៊ី ដូចជានៅហ្វីលីពីន ឬឥណ្ឌូណេស៊ី ក្រុមប្រដាប់អាវុធអ៊ីស្លាម ដែលធ្លាប់ទៅជួយប្រយុទ្ធឱ្យក្រុមជីហាតនៅស៊ីរី ឬអ៊ីរ៉ាក់ បានបង្កភេរវកម្មសម្លាប់មនុស្ស ទៅតាមមនោគមវិជ្ជាផ្សព្វផ្សាយរបស់ក្រុមជីហាត។ នេះគេនៅមិនទាន់និយាយដល់ក្រុមទាហានជីហាត ដែលនៅសំងំលាក់ខ្លួន រង់ចាំឱកាសល្អ ដើម្បីធ្វើភេរវកម្ម នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។
មនោគមវិជ្ជារបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅតែមានជានិច្ច ទោះក្រុមនេះ បាត់បង់ទឹកដីរបស់ខ្លួនទាំងស្រុង នៅស៊ីរី និងនៅអ៊ីរ៉ាក់ក្តី។ សម្រាប់អ្នកជំនាញ នៅពេលក្រុមជីហាតរដ្ឋអ៊ីស្លាម ពង្រីកដែនដី នៅស៊ីរី និងនៅអ៊ីរ៉ាក់ និងប្រកាសបង្កើតរដ្ឋធានីរបស់ខ្លួន ឡើងនៅឆ្នាំ ២០១៥ ក្រុមនេះបានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ រូបភាពសម្លាប់មនុស្សដ៏ឃោឃៅរបស់ខ្លួន ក៏ដូចជាបង្ហោះសារឃោសនា ដើម្បី អូសទាញសមាជិកទាហានបរទេសឱ្យចូលរួមប្រយុទ្ធ ដើម្បីបុព្វហេតុរបស់ខ្លួន។ ដូចជាអូសាម៉ា បិនឡាដិន អតីតមេដឹកនាំរបស់ក្រុមអាល់កៃដា ដែលរស់នៅលាក់ខ្លួន មុននឹងត្រូវកងកុម្មង់ដូរអាមេរិកចាប់បាន និងសម្លាប់ទម្លាក់ក្នុងសមុទ្រ មេដឹកនាំរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម អាប៊ូ បាក់ អាល់ បាក់ដាឌី ក៏កំពុងរត់ភៀសខ្លួន ដែរ នៅក្រោយបរាជ័យបាត់ទឹកដីនៅស៊ីរី។ ប៉ុន្តែ ខុសពីក្រុមអាល់កៃដា ក្រុមជីហាតរដ្ឋអ៊ីស្លាម នឹងនៅតែមានជីវិត សកម្មភាព ដោយសារតែ បណ្តាញគាំទ្ររបស់ខ្លួន ដ៏ចាក់ស្រេះ មិនថា ជាបុគ្គល ឬក្រុមភេរវនិយម នៅក្នុងពិភពលោក៕
ដោយ គង់ សុខឡេង។


សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីម៉ាឡេស៊ីហើយ

ហ្វាំងឡង់ដ៍ អង្គការណាតូ ធ្វើសមយុទ្ធយោធាជាប់ព្រំដែនរុស្ស៊ី

មនុស្សបីនាក់ស្លាប់ក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីមកលើទីក្រុងគៀវ

កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន
នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ
