(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និង ក្រសួងបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិននិងប្រទេសថៃ ពន្លឿននីតិវិធីស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យពាក់ព័ន្ធនឹងការនាំចេញផ្លែមៀនប៉ៃលិន ខណៈដែលផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលជាមុនសិន ។ យោងតាមសេចក្តីជូនដំ ណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាន ឱ្យដឹងថា ក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាស ភាពចង្រៃនិងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខ ខណ្ឌតម្រូវភូតគាមអនាម័យដែលបានឯកភាពគ្នា គឺជាការ ងារបច្ចេកទេសដ៏សំខាន់មួយ សម្រាប់កំណត់នូវភាពជោគ ជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមាន នូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។
ប្រភពបានបន្តថា ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សូមអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធ ភាពធ្វើការវិនិយោគក្នុងការ សាងសង់នូវហេដ្ឋារចនា សម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឱ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមាន ការឯកភាពជាមួយប្រទេសនាំចូល លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ។ សូមបញ្ជាក់ថា ឆ្លើយតប ទៅនឹងគោលបំណង និងទិសដៅដូចបានជម្រាបជូន ជាពិសេសដើម្បីលើកកម្ពស់ផលិតភាពនិងពាណិជ្ជូបនីយកម្មផលិតផលកសិកម្មកម្ពុជា លោក លោកស្រី ដែលមានបំណងវិនិយោគលើការ នាំចេញផលិតផលផ្លែមៀនស្រស់ ធ្វើការទំនាក់ទំនងជា មួយអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការបច្ចេក ទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ៕
