Connect with us

ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ បន្ដដឹកនាំប្រតិភូចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៥ ខែតុលានេះបានដឹកនាំប្រតិភូ និងគណៈកម្មការជំនាញ ធ្វើដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះអមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្ដៃយ៍ CAMSOC ពិសេសក៏មានការចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីជាសក្ខីភាពក្នុងការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំ ឬ Main Stadium ដែលជាហិរញ្ញប្បទានឥតសំណងដ៏ធំរបស់រដ្ឋាភិបាលចិនផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុនចិន ដែលទទួលបន្ទុកសាងសង់កីឡដ្ឋានធំ និងក្រុមហ៊ុន World Bridge ដែលទទួលបន្ទុកសាងសង់ភូមិកីឡា (Athlete Village) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយតំណាងក្រុមហ៊ុនទាំងពីរ សុទ្ធតែបានបញ្ជាក់ជាវិជ្ជមាន ក្នុងការសាងសង់ឲ្យបានរួចរាល់ តាមពេលវេលាកំណត់។

លោកថា «ចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ខាងក្រុមហ៊ុនភាគីចិនបានបញ្ជាក់ថា យើងនឹងធ្វើការរួចរាល់ (Main Stadium) នៅខែឧសភា ឆ្នាំ២០២១ ពោលគឺលើស ១ខែនៃការបញ្ជាក់លើកមុន ដោយសារយើងឃើញមានការតុបតែង បន្ទប់ កៅអី និងកញ្ចក់ជាដើម ត្រូវការពេលវេលាច្រើន ពិសេសការតុបតែងខាងក្នុង ដូចជាទីលានបាល់ទាត់ កន្លែងរត់អត្តពលកម្ម សណ្ឋាគារ និងកន្លែង VIP ជាដើម ត្រូវការរៀបចំច្រើន។ ចឹងយើងសង្ឃឹមថា ពាក់កណ្ដាលឆ្នាំ២០២១ នឹងរួចរាល់ ហើយឆ្នាំ២០២២ យើងនឹងបើកសម្ពោធធ្វើការប្រកួតកីឡាជាតិ លើកទី៤ តែម្ដង»

ដោយឡែកពាក់ព័ន្ធនឹងដំណើរការសាងសង់ភូមិកីឡាវិញ អគ្គលេខាធិការ CAMSOC ខាងលើបញ្ជាក់ថា «ការសាងសង់ភូមិកីឡា (Athlete Village) គឺធ្វើយ៉ាងណាឲ្យទាន់ពេលវេលា នេះបើតាមការបញ្ជាក់របស់លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានសន្យានឹងធ្វើឲ្យទាន់ពេលវេលា ហើយទីកន្លែងនេះ គឺជាកន្លែងប្រមូលផ្ដុំកីឡាករ-កីឡាការិនីស្នាក់នៅ និងហូបចុកប្រមាណជាង ៧,០០០នាក់ ព្រមទាំងមានការប្រកួតកីឡាក្នុងសាលមួយចំនួនទៀតផង» ។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនចិន និងតំណាង World Bridge ក៏ដូចជាការចុះធ្វើទស្សនកិច្ចផ្ទាល់គ្រប់បរិវេណ នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានធ្វើឲ្យសម្ដេចពិជ័យសេនា ទៀត បាញ់ មានភាពកក់ក្ដៅ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ហើយសម្ដេចបានជំរុញការធ្វើការឲ្យបានកាន់តែល្អប្រសើរ ទៅតាមគម្រោង និងពេលវេលា ពិសេសគោរពតាមស្ដង់ដារបច្ចេកទេសនៃការសាងសង់ និងនិយាមបច្ចេកទេសរបស់ប្រភេទកីឡានីមួយៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣៕

Click to comment

Leave a Reply

Your email address will not be published.

Facebook