Connect with us

ព័ត៌មានជាតិ

ដោយសារការចាក់វ៉ាក់សាំងមានល្បឿនលឿន សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងរហ័ស

ភ្នំពេញៈ កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ យ៉ាង​រហ័ស​របស់​កម្ពុជា​នឹង​អាចធ្វើឱ្យ​ប្រទេសមួយ​នេះ​ទទួលបាន​កំណើនសេដ្ឋកិច្ច​ងើបឡើង​ឆាប់រហ័ស​ជាងគេ​បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ នេះ​បើយោង​តាម​របាយការណ៍​ថ្មី​បាន​ពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Mekong Strategic Partners (MSP)​ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

យោងតាម​របាយការណ៍​នេះ ការរៀបចំ​យុទ្ធសាស្ដ្រ​ដ៏ល្អ និង​ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដែល​បាន​អនុវត្ត​យ៉ាង​រហ័ស ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​នាំមុខគេ​លើ​ពិភពលោក សម្រា​ប់កិច្ច​ការចាក់​វ៉ាក់សាំង​។ ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ដែល​ចាក់​វ៉ាក់សាំង​បាន​ច្រើន​បំផុត​នៅលើ​ពិភពលោ​ក ដែលមាន​មនុស្សពេញវ័យ​ចាក់​វ៉ាក់សាំង​រួចរាល់​ប្រហែល៩៩​ភាគរយ​។ ​យោងតាម​របាយការណ៍នេះដដែលបានឱ្យដឹងថា៖ «​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា គឺមាន​ល្បឿន​លឿន​គួរឱ្យ​កត់សម្គាល់ ដោយ​ធ្វើបាន​ល្អប្រសើរ​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុងអភិវឌ្ឍន៍​ជាច្រើន​ទៀត​។ កម្ពុជា​នឹង​បញ្ចប់​កម្មវិធី​ចាក់​វ៉ាក់សាំង​រយៈពេល៨​ខែ​ មុន​ផែនការ និង​ ១២ ​ខែ ​មុន​បណ្ដា​ប្រទេស​ជិតខាង​»​«​ជាមួយ​គ្នា​នេះដែរ នៅពេល​នេះ​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក ដែល​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​ចាក់ឱ្យ​កុមារ​។ ភ័ស្ដុតាង​សេដ្ឋកិច្ច​គឺ​ច្បាស់​ណាស់​ថា អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់​នឹង​បង្កើន​លទ្ធផល​សេដ្ឋកិច្ច ព្រមទាំង​សុខភាព​ផងដែរ​។ កម្ពុជា​កំពុងស្ថិត​លើផ្លូវ​សម្រាប់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២»​។ នេះ​បើ​យោងតាម MSP​

ខណៈ​ប្រទេស​កម្ពុជា​មិនមាន​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង mRNA (Pfizer និង Moderna) ច្រើន​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅតែមាន​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​ ដែល​បង្ហាញ​ឥទ្ធិពល​លើ​អត្រា​ការចូល​សម្រាក​ក្នុ​ង​​មន្ទីរពេទ្យ និង​ការស្លាប់​មាន​កម្រិត​ទាប​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​នៅ MSP បាន​ឱ្យដឹងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការចាប់ផ្ដើម​ចាក់វ៉ាក់សាំង​ដ៏រហ័ស​មាន​ឥទ្ធិពល​វិជ្ជមាន​យ៉ាងខ្លាំង​សម្រាប់​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។ លោក​បន្តថា​៖ «​នៅពេល​អ្នកមាន​ករណី​ឆ្លង ហើយ​ជាពិសេស​ករណី​ស្លាប់​កើនឡើង​ខ្លាំង ដូច​មាននៅ​ក្នុងប្រទេស​ជិតខាង នៅពេលនោះ អ្នក​ចាំបាច់​ត្រូវតែ​ផ្ដល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល និង​មាន​ការរឹតបន្តឹង​បំផុត​»​

លោក​ថ្លែងថា​៖ «​នៅពេល​មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច អ្នកមាន​ឱកាស​ច្រើន​ជុំវិញ​ការបើក​ដំណើរ​សេដ្ឋកិច្ច​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅរក​ជីវិត​ធម្មតា​វិញ​ផងដែរ​។ នៅពេលនេះ វា​ដល់​ពេលវេលា​សម្រាប់​កម្ពុជា​ក្នុងការ​សម្រេចចិត្ត​បើកចំហ​បន្ថែម​ទៀតហើយ​»​

លោក​បាន​បន្តថា​៖ «​ខណៈ​ការការពារ​សុខភាពរ​បស់​សហគមន៍​មាន​សារៈសំខាន់ យើង​ក៏ត្រូវ​យកចិត្ត​ទុក​ដាក់​​លើ​ការពិត​ដែលថា ប្រជាជន​ជាច្រើន​កំពុង​មើលឃើញ​ជីវិត​របស់​ពួកគេ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការដាក់ឱ្យ​ដំណើរការ​ការរឹតបន្តឹង​»​

ទោះបីជា​កម្ពុជា​កំពុង​ធ្វើបាន​ល្អប្រសើរ​លើ​ការចាក់​វ៉ាក់សាំង​ក៏ដោយ ក៏​មកដល់​ពេលនេះ ការផ្ទុះ​ឡើង​ការឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ មិនទាន់​បញ្ចប់​នោះទេ ខណៈ​វីរុស​បំប្លែង​ថ្មី ដែល​ហៅថា Delta កំពុង​កើនឡើង​ខ្លាំង ដែលជា​ហេតុ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​។

លោក​បញ្ជាក់ថា ការឆ្លង​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ច្បាស់​ណាស់​កំពុង​ធ្វើឱ្យ​មនុស្ស​ទូទៅ​ខកចិត្ត ប៉ុន្តែ​រដ្ឋាភិបាល​ពិតជា​បាន​ឆ្លើយតប​យ៉ាង​ល្អ​បំផុត​ទាក់ទង​នឹង​ការចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង និង​វិធានការ​ម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន​។

លោក​បន្ថែមថា វីរុស Delta នឹង​នៅ​បន្ត​កើនឡើង​ប្រហែលជា​ដល់​ឆ្នាំក្រោយ និង​ឆ្នាំ​បន្ទាប់​ទៀត វា​មិន​ទៅណា​ទេ​។ អត្ថប្រយោជន៍​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​នៃ​ព្រឹត្តិការណ៍ ២០ ​កុម្ភៈ គឺ​មានន័យថា កម្ពុជា​បាន​ត្រៀមខ្លួន​សម្រាប់​រលក​ចុង​ក្រោយ​នេះ ​ប្រសើរ​ជាង​បណ្ដា​ប្រទេស​ជិតខាង​ដែល​នៅពេលនេះ​កំពុង​មើលឃើញ​ចំនួន​ករណី​​ឆ្លង​កើនឡើង​ខ្ពស់​ជាប្រចាំ​»​

លោក​ប្រាប់ថា​៖ «​វីរុស Delta មិនបាន​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​នោះទេ​។ យើង​ឃើញថា ចក្រភព​អង់គ្លេស មើលឃើញ​វីរុស​ Delta រីករាលដាល​ខ្លាំង ប៉ុន្តែ​ដោយសារ​តែ​កម្រិត​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ​លឿន ទើប​ពួកគេ​អាច​បើកចំហ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ដំណើរការ​ល្អ​គួរសម​»​

លោក Stephen បន្ថែមថា​៖ «​តាម​ទស្សនៈ​អាត្មានិយម ការអាច​ចាប់ផ្ដើម​ការចាក់​ដូស​ជំរុញ ច្បាស់​ណាស់​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​»​

សូមបញ្ជាក់ថា៖ យោងតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​​២០ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង​កូ​វីដ១៩ បាន​សរុប ១១៤ ០៨៤​នាក់ ក្នុងនោះ រួមមាន​៖ មនុស្សពេញវ័យ ៤៥៩៤២​នាក់ និង​កុមារ​យុវវ័យ ៦៨១៤២​នាក់​។ រីឯ​ដូ​ស​ទី​៣ ចាក់​បាន​ចំនួន ៣២៥៤៦​នាក់ កាលពី​ថ្ងៃទី​២០ ខែសីហា​

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook