Connect with us

ព័ត៌មានជាតិ

ផ្លែមៀនឬតាង៉ែនចំនួន២តោននឹងចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងទីរួមខេត្តព្រះវិហារ នៅថ្ងៃស្អែកនេះ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បាននាំក្រុមការងារទិញផ្លែមៀន និងផ្លែតាង៉ែន ចំនួន៤តោនដើម្បីត្រៀមយកទៅចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងទីរួមខេត្តព្រះវិហារ នៅថ្ងៃទី២២ខែសីហាស្អែកនេះ ចំនួន២តោន និង២តោនទៀតសម្រាប់ចែកជូនពលរដ្ឋនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។

ដោយមើលឃើញប្រជាកសិករ កំពុងជួបការលំបាកនៅក្នុងការ នាំចេញផ្លែមៀន និងផ្លែតាង៉ែន ទៅក្រៅប្រទេស ហេតុដូចនេះ ហើយរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ឧកញ៉ាជាច្រើនរូប បានចូលរួមជួយសម្រួលដល់ប្រជាកសិករ ក្នុងការទិញផ្លែមៀន និងផ្លែតាង៉ែន ជាច្រើនតោន ដើម្បីលើកកម្ពស់ដល់កសិករក្នុងការដាំដំណាំកសិកម្ម ។ ទោះជាយ៉ាងនេះក៏ដោយ ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ។

ក្នុងការចូលរួមទិញផ្លែមៀនឬផ្លែតាង៉ែនខាងលើនោះ មានការ ចូលរួម ពី ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកវុធ សាវី ព្រះរាជអាជ្ញារង លោកសេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង លោកសួង សុខហ៊ាង អគ្គនាយកបុរីស្តាហ្គោល លោកយន់ សេងហាក់ អគ្គនាយកផាមខុនដូរ បានសម្រេចជួយទិញផ្លែមៀន ឬតាង៉ែន ចំនួន៤តោនយកមកចែកជូនប្រជាពលរដ្ឋ និងកុមារ កំព្រា ក្នុងទីរួមខេត្តព្រះវិហារ(ចំនួន២តោន) ហើយប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារអាចមកទទួលយកផ្លែមៀន ឬផ្លែតាង៉ែនបានចាប់ពីថ្ងៃអាទិត្យទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៧.០០នាទីព្រឹករហូតដល់អស់ពីស្តុក នៅទីតាំងវិមានឯករាជ្យ។

ចំណែកប្រជាពលរដ្ឋស្ថិតនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (ចំនួន២តោន) គឺក្រុមការងារនឹងជូនដំណឹងពេលក្រោយ ដើម្បីជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook