Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបពង្រីកការចិញ្ចឹមបន្ថែម

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំនិងជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត ដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារ នាពេលបច្ចុប្បន្ន ។

នៅថ្ងៃទី២១ ខែសីហានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញអញ្ជើញចុះពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្របន្ថែមដល់ការចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ដែលជាប្រភេទបង្កងពូជថ្មីឲ្យកាន់តែរីកចម្រើនថែមទៀត ។

បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាព និងបានជ្រាបអំពី ដំណើរការវិវឌ្ឍន៍រីកចម្រើនក្នុងកសិដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោក នរវិន្ទ ម្ចាស់កសិដ្ឋាន ដែលបាន វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ ដែលសកម្មភាពនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ក្នុងការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់ឲ្យទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថាន ដែលមានលក្ខណៈអំណោយផលសម្រាប់ជីវិត រស់នៅរបស់បង្កងទឹកសាបបាន យ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តកំពង់ធំ ។

ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យ កសិដ្ឋានលោក នរវិន្ទ គួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែង ស្រាវជ្រាវគុណភាពចំណីបង្កង និងហ្វឹកហាត់ការងាររបស់និស្សិត បណ្តុះបណ្តាលបច្ចេកទេសជូនកសិករ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តម្ចាស់កសិដ្ឋានថា ក្រសួងក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមបង្កងអូស្រ្តាលីនេះសម្រេចទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កសិដ្ឋាន របស់លោកតាន់ នរវិន្ទ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដី ១៨ហិកតា និងដំណើរការសាកល្បងចិញ្ចឹមនៅឆ្នាំ២០១៨ ដែលបច្ចុប្បន្នកសិដ្ឋានមានស្រះ និងអាងចិញ្ចឹមចំនួន ៦២អាង សម្រាប់ការបង្កាត់ពូជ និងមានស្រះចំនួន ៦០ ស្រះ (ទំហំតូច-ធំ) បច្ចុប្បន្នកូនបង្កងមានតម្លៃ ៥០០រៀលក្នុងមួយក្បាល និងតម្លៃបង្កងសាច់ចាប់ពី ១២-២៥ ដុល្លារក្នុងមួយគីឡូក្រាម ។ សម្រាប់ថ្ងៃអនាគត កសិដ្ខាននឹងបង្កើនផលិតកម្មកូនឲ្យដល់ ១-២ លានកូន/ខែ មាន តម្លៃសមរម្យ គុណភាពល្អ លក់ជូនកសិករ និងផលិតបង្កងសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ និង ផ្តល់វគ្គបណ្តុះ បណ្តាលបច្ចេកទេសដល់កសិករទៀតផង។ ដើម្បីពង្រីកផលិតកម្ម កសិដ្ឋានត្រូវការទុនបន្ថែម ករណីនេះលោក នររិន្ធ បានស្នើសុំឯករដ្ឋមន្រ្តីជួយអន្តរាគម៍ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈ Small and Medium Enterprise របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook