នៅតាមផ្លូវធ្វើដំណើរលើស្ពានដែក (ចម្ការដូង) ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដោយសារតែប្រជាពលរដ្ឋសំរុកធ្វើដំណើរទៅកាន់លំនៅឋានកំណើត ដើម្បីសែនក្បាលទឹកតាមប្រពៃណីប្រជាជនចិន ដែលពិធីសែនក្បាលទឹកនឹងត្រូវប្រារព្ភធ្វើនៅថ្ងៃស្អែក ទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាពបានឱ្យដឹងនៅវេលាម៉ោងប្រហែ៦:៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
ការកកស្ទះនេះអស់រយៈពេលជិតកន្លះម៉ោង នៅទីតាំងភូមិសាស្ត្រខាងលើ ដោយប្រជាពលរដ្ឋភាគច្រើន សុទ្ធតែជាអ្នកមានដំណើរទៅកាន់ស្រុកកំណើត ដើម្បីរៀបចំពិធីសែនក្បាលទឹកជូនដូនតា ដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខ តាមបែបជំនឿរបស់ប្រជាជនចិន។ ពួកគេសំរុកចេញទៅក្នុងថ្ងៃនេះ ដោយសារតែខ្លាចជាប់បំរាមគោចរណ៍របស់អាជ្ញាធ័រក្រុងភ្នំពេញ ដែលកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩។ ហេតុដូច្នេះហើយ ទើបពួកគេសំរុកចេញទៅក្នុងថ្ងៃនេះ ដោយមិនមានការភ័យខ្លាចនៃការរីករាលដាលជំងឺកូវិដ១៩ឡើយ។
មកដល់ពេលនេះ យើងមិនទាន់ដឹងអំពីចំណាត់ការរបស់អាជ្ញាធ័រក្រុងភ្នំពេញ ថាតើត្រូវមានវិធានការបែបណានោះឡើយ៕
ដោយ គង់ សុខឡេង។





