(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះធម្មជាតិព្យុះហឺរីខិនមួយឈ្មោះថា ហ្គ្រេស្ស (Grace) បានបោកបក់វាយប្រហារលើភាគខាងកើត នៃប្រទេសម៉ិចស៊ីកូ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សយ៉ាងហោច៨នាក់ និងបានបាត់ខ្លួន៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃនេះ។
ព្យុះហឺរីខិន Grace ដែលជាព្យុះហឺរីខិនទីពីរ នៅតំបន់មហាសមុទ្រអាត្លង់ទិចប្រចាំរដូវកាលនេះ បានធ្វើដំណើរទៅដល់ម៉ិចស៊ីកូ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយល្បឿនខ្យល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានបង្កការជន់លិចធ្ងន់ធ្ងរ នៅតំបន់ជាច្រើនកន្លែង ក្នុងរដ្ឋវេរ៉ាគ្រូស (Veracruz) ភាគខាងកើតប្រទេស។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយ របស់អាជ្ញាធរឧតុនិយមម៉ិចស៊ីកូ ព្យុះហឺរីខិន Grace ក៏បានថយចុះថាមពល និងត្រូវចាត់ថ្នាក់ត្រឹមជាព្យុះត្រូពិច ក្រោយមកដល់លើដីគោកបានប៉ុន្មានម៉ោង ហើយវាស្ថិតនៅចម្ងាយជាង៥០គីឡូម៉ែត្រ ពីភាគពាយព្យរដ្ឋធានីម៉ិចស៊ីកូស៉ីធី៕
ដោយ គង់ សុខឡេង។



