សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងថា ការដែលកម្ពុជាវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាអគារជំនួយពីអាមេរិកនៅឆ្នេររាម គឺដើម្បីអភិវឌ្ឍកំពង់ផែយោធាឱ្យទំនើបជាងមុន ហើយគ្មានចេតនាផ្គាប់ចិត្តប្រទេសណាមួយឡើយ។ នេះបើសារព័ត៌មាន AFP កាលពីថ្ងៃទី ០៤ តុលា នេះ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានបកស្រាយដូច្នេះ ក្រោយមានមតិមួយចំនួនលើកឡើងថាការវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាជំនួយពីអាមេរិកនៅរាម កាលពីខែកញ្ញាកន្លងមកនេះ គឺជាការបើកដៃឱ្យចិនចូលមកអភិវឌ្ឍយ៉ាងពេញសិទ្ធិ។
ការវាយប្រហារនេះគឺដោយសារតែការវាយកម្ទេចចោលអគារមួយនេះ ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចចិន និងអាមេរិកកំពុងមានបញ្ហាក្ដៅគគុកជុំវិញគម្រោងតារាសាគររបស់ UDG ដែលនាំឱ្យមានការចោទប្រកាន់ថាកម្ពុជាមានទំនោរទៅប្រទេសចិនជាង។
ជាការឆ្លើយតប សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឱ្យដឹងក្នុងសារព័ត៌មាន AFP ថា៖ «ការវាយកម្ទេចអគារនេះធ្វើឡើងមិនមែនដោយសារកាន់ជើងប្រទេសណាមួយឡើយ ពោលគឺដោយសារត្រូវអភិវឌ្ឍន៍ទីតាំងថ្មី។ ដោយសារតែយើងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី ដូច្នេះហើយយើងមិនអាចទុកវាបានទៀតទេ ព្រោះអគារនេះចាស់ហើយ»។
សម្រាប់ទីតាំងថ្មីនឹងត្រូវសាងសង់ឱ្យទំនើបជាងមុន ដែលនឹងមានទីតាំងស្ថិតនៅចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីតំបន់រាម។
គួរបញ្ជាក់ផងដែរថា មូលដ្ឋានកងទ័ពរាមនេះ មិនមែនជាបញ្ហាថ្មីទេ ពោលគឺជាបញ្ហាចម្រូងចម្រាស់ជាយូរមកហើយ។ បើយោងតាមកាសែត Wall Street Journal ចុះផ្សាយកាលពីឆ្នាំមុន កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយប្រទេសចិន ដែលអនុញ្ញាតឱ្យមូលដ្ឋានកងទ័ពប្រទេសចិនតាំងទីនៅលើតំបន់រាមនេះ។ ប៉ុន្តែខាងភាគីកម្ពុជាក៏បានបដិសេដ បញ្ហានេះផងដែរ។
ថ្មីៗនេះផងដែរ ក៏មានបញ្ហាក្ដៅគគុកមួយទៀត ដែលកើតឡើងមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង។ កាលពីខែកញ្ញាកន្លងទៅនេះ រតនាគារសហរដ្ឋអាមេរិកបាន ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់។