Connect with us

ព័ត៌មានទាន់ហេតុការណ៍

វិភាគអន្តរជាតិ៖ តើសេដ្ឋកិច្ចអាហ្វហ្កានីស្ថានក្រោមការដឹកនាំរបស់តាលីបង់ នឹងទៅជាយ៉ាងណា?

 (កាប៊ុល)៖ សេដ្ឋកិច្ចអាហ្វហ្កានីស្ថានមានភាពផុយស្រួយ និងពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីអន្តរជាតិ ហើយបច្ចុប្បន្នវាកាន់តែមានភាពមិនច្បាស់លាស់ ក្រោយក្រុមតាលីបង់ ឡើងគ្រប់គ្រងប្រទេសសាជាថ្មី។ ធនាគារពិភពលោក (World Bank) ធ្លាប់បានឱ្យដឹងមុនពេលការឡើងកាន់អំណាចរបស់តាលីបង់ថា ៧៥ភាគរយនៃថវិកាជាតិសម្រាប់ ចាយវាយប្រចាំឆ្នាំរបស់អាហ្វហ្កានីស្ថាន គឺពឹងផ្អែកលើជំនួយពីអន្តរជាតិ។ ដូច្នេះថាតើការឡើងកាន់អំណាចរបស់តាលីបង់ជះផលអាក្រក់អ្វីខ្លះដល់សេដ្ឋកិច្ចជាតិ ហើយតើពួកគេអាចរកច្រកចេញបានដែរឬទេ?

* ការចូលទៅកាន់ហិរញ្ញវត្ថុ

ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច និងសហរដ្ឋអាមេរិកបាន និងកំពុងធ្វើឱ្យជំនួយហិរញ្ញវត្ថុពីអន្តរជាតិស្ថិតនៅក្នុងភាពស្រពិចស្រពិល។
កាលពីសប្ដាហ៍មុន អាល្លឺម៉ង់ដែលជាម្ចាស់ជំនួយមួយដ៏ធំរបស់អាហ្វហ្កានីស្ថាន បានប្រកាសខ្លួននឹងបញ្ឈប់រាល់ការផ្ដល់ជំនួយនានា ក្នុងករណីដែលក្រុមតាលីបង់ឡើងគ្រប់គ្រង ប្រទេសដោយកម្លាំងបាយ។ ចំណែកឯ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថានឹងបិទខ្ទប់មិនឱ្យអាហ្វហ្កានីស្ថានចូលទៅកាន់ ឬទទួលបានហិរញ្ញវត្ថុពីម្ចាស់កម្ចីនោះឡើយ ក្នុងនោះរួមមានទាំងទុនបម្រុង៤៤០លានដុល្លារ ដោយសារតែមិនដឹងច្បាស់ថាតើសហគមន៍អន្តរជាតិនឹងទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានរបស់ក្រុមតាលីបង់ ដែរឬក៏យ៉ាងណា?

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានប្រកាសបង្កកទ្រព្យសម្បតិ្តជាង៩.៥ពាន់លានដុល្លាររបស់ធនាគារ កណ្ដាលអាហ្វហ្កានីស្ថានដែលមានតម្កល់ទុកនៅអាមេរិកផងដែរ ដោយអះអាងថាមិនចង់ឱ្យវាធ្លាក់ចូលដៃក្រុមតាលីបង់។

* វិបត្តិការងារ

អសន្តិសុខ និងអំពើពុករលួយធ្ងន់ធ្ងរបានបង្កឱ្យក្រុមហ៊ុនវិនិយោគបរទេសជាច្រើនមិនហ៊ានបោះទុនវិនិយោគនៅក្នុងប្រទេសអាហ្វហ្កានីស្ថានដែលមានប្រជាជនប្រមាណ៣៨លាននាក់។ បើតាមធនាគារពិភពលោក ប្រជាជនអាហ្វហ្កានីស្ថានច្រើនជាង៦០ភាគរយទទួលបានប្រាក់ចំណូលពីវិស័យកសិកម្ម ហើយអាភៀនត្រូវបានគេជឿជាក់ថា ជាប្រភពចំណូលដ៏ធំរបស់តាលីបង់។ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា (UNODC) បានឱ្យដឹងថា អាហ្វហ្កានីស្ថាន អាចផលិតអាភៀនបាន៨០ ទៅ ៩០ភាគរយនៃទិន្នផលអាភៀសនៅទូទាំងពិភពលោក។

ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថានឹងមិនមានការផលិតគ្រឿងញៀន ក្នុងប្រទេសអាហ្វហ្កានីស្ថានទៀតឡើយ។ «យើងសូមធានាជូនជនរួមជាតិទាំងប្រុសទាំងស្រីរបស់យើង និងសហគមន៍អន្តរជាតិថាយើងនឹងមិនមានការផលិតផលគ្រឿងញៀនណាមួយទេ…ហើយចាប់ពីពេលនេះតទៅ ក៏គ្មាននរណាម្នាក់អាចពាក់ព័ន្ធ ឬក៏រត់ពន្ធគ្រឿងញៀននោះដែរ»។ នេះជាការបញ្ជាក់របស់លោក Mujahid។

* រ៉ែបម្រុង

អាហ្វហ្កានីស្ថានគឺជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក ដោយមានប្រជាជនជិត៩០ភាគរយរកប្រាក់ចំណូលបានទាបជាង២ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែ អាហ្វហ្កានីស្ថាន មានរ៉ែបម្រុងគិតទឹកប្រាក់ស្មើនឹងជាង ៣ទ្រីលានដុល្លារ។ នេះបើតាមស្ថានីយទូរទស្សន៍អាមេរិក CNBC។ រ៉ែដែលជាសម្បូរជាងគេនៅអាហ្វហ្កានីស្ថានគឺលីចូម (lithium) ដែលមានសារៈសំខាន់សម្រាប់វិស័យថាមពល និងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ ក៏ប៉ុន្តែដើម្បីចម្រាញ់រ៉ែនេះ តម្រូវឱ្យមានការវិនិយោគដ៏ធំទៅលើពេលវេលា និងចំណេះដឹងផ្នែកបច្ចេកទេសជាដើម។

លោក Said Mirzad មកពីទីភ្នាក់ងារឃ្លាំមើលភូមិសាស្ត្រអាមេរិក (U.S. Geological Survey) ធ្លាប់បានប្រាប់ទស្សនាវដី្ដ Science កាលពីឆ្នាំ២០១០ថា ប្រសិនបើ អាហ្វហ្កានីស្ថានមានស្ថិរភាពដោយមិនមានសង្រ្គាម ម្ល៉េះប្រទេសមួយនេះអាចនឹងក្លាយជាប្រទេសអ្នកមានមួយក្នុងតំបន់ក្នុងរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះតាមរយៈការអភិវឌ្ឍធនធានរ៉ែដែលខ្លួនមាន។ វិស័យរ៉ែបានជួយរកចំណូលឱ្យអាហ្វហ្កានីស្ថាន បាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែអ្វីគេត្រូវរង់ចាំមើលនោះ ថាតើក្រុមតាលីបង់នឹងកែប្រែដូចដែលពួកគេបានសន្យាដែរ ឬទេ ខណៈបណ្ដាប្រទេសជាច្រើន រួមទាំងមហាអំណាចក៏ចង់ឃើញការធ្វើសកម្មភាព ជាជាងគ្រាន់តែនិយាយឱ្យរួចតែពីមាត់។ អង់គ្លេស និងសហភាពអឺរ៉ុបបញ្ជាក់រួចហើយថា ពួកគេនឹងធ្វើការជាមួយតាលីបង់ ដារាបណាសិទ្ធិមនុស្សត្រូវបានគោរព៕
ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published.

Facebook