Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៨ហិកតាទៀត ជូនក្រសួងយុត្តិធម៌

ភ្នំពេញ៖ រដ្ឋាភិបាល បានកាត់ផ្ទៃបឹងតាមោក៨ហិកតា ដើម្បីធ្វើអនុប្រយោគ ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋ ហើយបន្ទាប់មក ប្រគល់ជូនទៅក្រសួងយុត្តិធម៌។ នេះបើតាមអនុក្រឹតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ឲ្យដឹងថា ក្រសួងយុត្តិធម៌ ទទួលបានផ្ទៃបឹងតាមោក៨ហិកតាពីរដ្ឋាភិបាល តែមិនមែនមាន័យថា ក្រសួងយុត្តិធម៌ ត្រូវប្តូរតាំងនោះទេ។ លោក បញ្ជាក់ថា៖«ក្រសួងយុត្តិធម៌ មានប្តូរទៅណា នៅកន្លែងហ្នឹងដដែលទេ»។

បច្ចុប្បន្ន ក្រសួងយុត្តិធម៌ ស្ថិតនៅមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកនាំពាក្យ អះអាងថា ក្រសួងយុត្តិធម៌ អាចយកផ្ទៃបឹងតាមោកប្រមាណ៨ហិកតានោះ ធ្វើអគារឬទីតាំង សម្រាប់ប្រើប្រាស់លើកិច្ចការផ្សេងៗ តែលោក មិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា បម្រើលើកិច្ចការអ្វីនោះទេ។ លោក មានប្រសាសន៍ថា៖«អត់ទាន់មានព័ត៌មានទេថា នឹងធ្វើអ្វី»។

វាជាលើកទី៦ហើយ ដែលរដ្ឋាភិបាលកម្ពុជា កាត់ផ្ទៃបឹងតាមោកឲ្យក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់៦លើកនោះ មានទំហំសរុបជាង៤៧៦ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook