Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធាន World Bank ថ្មី ប្រចាំកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្វើឱ្យចាប់ផ្តើមបើកឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ ដោយសារតែល្បឿននៃការចាក់វ៉ាក់សាំងលឿន

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា តាមរយៈប្រព័ន្ធ Video Conference នាពេលថ្មីៗនេះ។ នេះបើតាមអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី Maryam Salim ដែលទើបត្រូវបានតែងតាំងជាប្រធាន គ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោក ប្រចាំកម្ពុជា។

ជាមួយគ្នានេះ អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងរយៈពេលជាងពីរទស្សវត្ស៍កន្លងមក ដែលស្តែងចេញច្បាស់តាមរយៈការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់តាំងពីមានការរាតត្បាតនៅកម្ពុជា នាដើមឆ្នាំ២០២០។

ស្ថានភាពនៃការឆ្លងមិនទាន់មានភាពស្រាក់ស្រាននៅឡើយ  កម្ពុជា ក៏កំពុងប្រឈមនឹងមេរោគបំប្លែងថ្មីប្រភេទ Delta ដែលគិតមកដល់បច្ចុប្បន្ន មានការរីករាល ដល់រាជធានីខេត្តចំនួន ២០។ ក្នុងគោលដៅគ្រប់គ្រងការរីករាលដាលនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៤ រួមមាន៖

១៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌប្រទេស
២៖ ការអនុញ្ញាតឱ្យប្រើប្រាស់នូវតេស្តរហ័សដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ-១៩
៣៖ កិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ឱ្យនៅដោយឡែកនិងការព្យាបាល
និង៤៖ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការចម្លង ដោយអនុវត្តនូវវិធានការសុខាភិបាលយ៉ាងតឹងរឹង។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រ នៃការស្តារ​សង្គម-សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩តាមរយៈអភិក្រមចំនួន៣រួមមាន៖
១៖ ការស្តារ (Recovery) ផ្តោតទៅលើ វិស័យសុខាភិបាល  ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន គោលនយោបាយសារពើពន្ធវិស័យកសិកម្ម  វិស័យទេសចរណ៍ និងវិស័យកាត់ដេរ

២៖ ការកែទម្រង់ (Reforms) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្ម និងភាពប្រកួតប្រជែង
និង៣៖ ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍជំនាញ ការស្តារសេដ្ឋកិច្ចឡើងវិញ លក្ខណៈបៃតង និងការពង្រឹងប្រព័ន្ធគាំពារសង្គម។

នាឳកាសនោះ លោកស្រី Maryam Salim ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ចនៅកម្ពុជាសារជាថ្មីម្តងទៀត និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ  រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូវគោលនេយោបាយ ដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី ក៏អបអរ-សារទរ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងអាចធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។ បន្ថែមពីនេះ លោកស្រីក៏វាយតម្លៃខ្ពស់ ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន។

ភ្ជាប់ជាមួយនេះ ដូចបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយលោកស្រីអនុប្រធានធនាគារពិភពលោក នាពេ​ល កន្លងមក លោកស្រី Maryam Salim បង្ហាញជំហរបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងការផ្តល់ជាធាតុចូលបន្ថែម លើផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោក (Country Partnersh​ip Framework 2019-2023) ឱ្យឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅកិច្ចបញ្ចបនៃការជួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ធនាគារពិភពលោក និងជឿជាក់យ៉ាងមុតមាំថា បេសកកម្មការងាររបស់លោកស្រី នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook