ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមបង្កងដង្កៀបក្រហមឬបង្កងអូស្ត្រាលី មួយកន្លែងនៅក្នុងខេត្តកំពង់ធំ មានលទ្ធភាពក្នុងការផលិតកូនបង្កងបានក្នុងមួយខែ ចាប់ពី៥ម៉ឺន ទៅ១០ ម៉ឺនកូន ដើម្បីលក់ចេញផ្គត់ ផ្គងតម្រូវការទីផ្សារ ទាំងកូនបង្កង និងបង្កងសាច់ រហូតទទួលបានការគាំទ្រពីអតិថិជន។
លោក តាន់ នរវិន្ទ ម្ចាស់កសិដ្ឋានបង្កងទួលទន្លេជុំ មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា កសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដីទំហំ១៨ ហិកតា ដោយសារទីតាំងភូមិ សាស្ត្រអំណោយផល មានប្រភពផ្គត់ផ្គង់ទឹក ប្រព័ន្ធធារាសាស្រ្ត និងមានសក្តានុពលទីផ្សារ ទើបលោកសម្រេចចិត្តចុះទុនវិនិយោគ លើការចិញ្ចឹមបង្កងដង្កៀបក្រហមឬបង្កងអូស្ត្រាលីនេះជាលក្ខណធម្មជាតិ។ លោកបន្តថា រហូតមកដល់ឆ្នាំទី៤ នៃការចាប់យកមុខរបរចិញ្ចឹមបង្កងនេះ បច្ចុប្បន្នបានពង្រីករហូតដល់ជាង៦០ស្រះទាំងតូចទាំងធំ និងមានអាងភ្ញាស់ជាង១០០អាងបន្ថែមទៀត។ដោយក្នុងមួយខែ កសិដ្ឋានលោកមានលទ្ធភាពផលិតកូនបង្កងបានពី៥ម៉ឺនកូន ទៅ១០ម៉ឺនកូន ដើម្បីផ្គត់ ផ្គង់តម្រូវការទីផ្សារ។ ចំណែកការលក់ចេញកូនបង្កងមាន តម្លៃ ៥០០រៀលក្នុងមួយក្បាល និង តម្លៃបង្កងសាច់ចាប់ពី ១២ទៅ២៥ ដុល្លារក្នុងមួយគីឡូក្រាម។ លោកបន្តទៀតថា សម្រាប់ថ្ងៃអនាគត កសិដ្ឋានលោក នឹងបង្កើនផលិតកម្មកូនឱ្យដល់១លានទៅ២លានកូន ក្នុងមួយខែ លក់ចេញក្នុងតម្លៃសមរម្យ គុណភាពល្អ លក់ជូនកសិករ និងផលិតបង្កងសាច់ផ្គត់ផ្គង់ឱ្យទីផ្សារ រួមទំាងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់កសិករទៀត ផង។

សំឡេង៖ខ្ញុំចាប់ផ្តើមធ្វើការចិញ្ចឹមបង្កង អូស្ត្រាលីហ្នឹងនៅចុងឆ្នាំ២០១៧ ខ្ញុំចង់ធ្វើកសិ ដ្ឋានចម្រុះមានន័យថា មាន ការដាំដុះបូកនិងការចិញ្ចឹម សត្វ បន្ទាប់មកគម្រោងបានធ្វើការផ្លាស់ប្តូរនៅឆ្នាំ២០១៩ នៅពេលដើរបានបន្តិចខ្ញុំប្តូរដោយផ្តោតទៅលើការចិញ្ចឹមបង្កងអូស្ត្រាលីឬបង្កងដង្កៀបក្រហមដោយសារខ្ញុំជាអ្នក បច្ចេកទេសកសិកម្ម ហើយយើងមើលឃើញសក្តានុពលនៃវារីវប្បកម្មហ្នឹង អាអ្វីដែលសំខាន់ជាងនោះទៀតគឺកត្តាទឹកដីភូមិសាស្ត្រវាសមស្របជាមួយនឹងបង្កងអូស្ត្រាលីហ្នឹងតែម្តង កសិដ្ឋានបង្កងទូលទន្លេជុំនេះ យើងមានស្រះតូចធំចំនួន៦០ស្រះ មានអាងបង្កាត់ពូជហ្នឹង ១០០អាងជាង ដែលអាងនីមួយៗ មានទំហំ៣ម៉ែត្រគុណនិង២ម៉ែត្រកន្លះ និង៣ម៉ែត្រគុណ៣ ម៉ែត្រ ចាប់ផ្តើមមុនដំបូងយើងនៅខ្វះខាត ដើម្បីផលិតពូជយើងត្រូវតែមានអាង មានទឹក មានស្រះ សំខាន់ជាងនេះគឺបច្ចេកទេស ហើយចូលមក ដល់ឆ្នាំទី៤នេះ យើងអាចផលិតកូនបាន៥ម៉ឺនកូនទៅ ១០ម៉ឺនកូនជារៀងរាល់ខែ។

សូមជម្រាបផងដែរថា ក្នុងឱកាសអញ្ជើញមកពិនិត្យកសិ ដ្ឋានបង្កងទួលទន្លេជុំ កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះលោក នរវិន្ទ ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ ដែលសកម្មភាពនេះស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ក្នុងការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់ឱ្យទីផ្សារ ក្នុងបរិបទនៃការរីករាល ដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះការ រៀបចំកសិដ្ឋានបានល្អត្រឹម ត្រូវតាមបច្ចេកទេស គុណ ភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញ ចូល និងក្សេត្របរិស្ថានដែលមានលក្ខណ:អំណោយផល សម្រាប់ជីវិតរស់នៅរបស់បង្កងទឹកសាបបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋា នគំរូនៅទូទាំងខេត្តកំពង់ធំ៕


