Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនប្រជាការពារ នៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងនោះ ត្រូវបានឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្ដល់ជូនបន្តទៅឱ្យបងប្អូនជាប្រជាការពារនៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងពិធីប្រគល់ និងទទួលអំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនប្រជាការពារខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់ ៣ ០៥២ កញ្ចប់។ ឯកឧត្ដមអភិបាលបានបន្ដថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី បានការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃ ឈប់សម្រាកឡើយ។ ឯកឧត្ដមក៏បានបន្ដជំរុញឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា ជំងឺកូវីដ-១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឱ្យបាន។

សូមជម្រាបជូនថា អំណោយរបស់ឯកឧត្ដម និងលោកជំទាវ ដែលបានផ្ដល់ជូនដល់ជូនដល់បងប្អូនប្រជាការពារខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដោយក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០ ០០០ រៀល មី ០១កេសតូច ត្រីខ ០១យួរ ទឹកដោះគោខាប់ ០៤កំប៉ុងថ្នាំ និង ច្រាសដុសធ្មេញ ០១ឈុត និងសាប៊ូលុច ០១ដុំ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook