Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីនាឱកាសនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចចៅវាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្ដេចព្រះវររាជមាតា ស្ដេចតែងយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀតទាត់តាមកាលបរិច្ឆេទកំណត់ថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ។ ព្រះរាជបវេណីនេះ បានចាប់ផ្ដើមតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ គឺបន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតទំនាក់ទំនងដ៏ល្អជាមួយមួយថ្នាក់ដឹកនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបន្សល់ទុកចំណងការទូតដ៏ពិសិដ្ឋមកទល់បច្ចុប្បន្ន ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook