ភ្នំពេញ៖ ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ។
ថ្លែងក្នុងពិធីប្រគល់ទទួល អំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-2 Vaccine (Sinopharm) ចំនួន៥០ម៉ឺនដូស ពីរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ២៣ ខែ សីហា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចិនមានសុភាសិតមួយនិយាយថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល ដោយឯកឧត្តមបានលើកឡើងថា ដរាបណាជំងឺកូវីដ១៩នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាគឺមិនអាចបញ្ឈប់បានដែរ ។

ឯកឧត្តមបានបន្តថា ចាប់ពីរលកថ្មីនៃជំងឺកូវីដ១៩ ដែលផ្ទុះឡើង នៅប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២១មក ដើម្បីឆ្លើយតបនឹង សំណើរបស់ប្រទេសកម្ពុជា រដ្ឋាភិបាលនិងកងទ័ពចិនក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងនិងសម្ភារទប់ស្កាត់ជំងឺកូវីដជូនដល់ភាគីកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ឱ្យអស់ពីលទ្ធភាព ។

ឯកឧត្តមបានបញ្ជាក់ថា នាពេលថ្មីនេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការគ្រប់ទំរង់ដើម្បីទប់ស្កាត់វីរុស ជាពិសេសនោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវរៀបចំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងការបន្ថយសម្ពាធនៃប្រព័ន្ធសុខាភិបាល ។ រហូតមកដល់ពេលបច្ចុប្បន្ននេះគោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជន១០លាននាក់ នៅក្នុងប្រទេសកម្ពុជាជិតសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងមានចំណាត់ថ្នាក់ឈានមុខគេនៅលើពិភពលោក ។
បន្ថែមពីនោះទៀតមានការលើកឡើងថា ភ្នំពេញគឺជារាជធានីមួយដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែយ៉ាងណាក៏ដោយសម្ពាធនៃការទប់ស្កាត់វីរុសកូវីដ១៩ នៅប្រទេសកម្ពុជានៅតែមានទំហំធំ ហើយភារកិច្ចក៏មានភាពធ្ងន់ធ្ងរផងដែរ ។

ឯកឧត្តមបានថ្លែងតាមរយៈសំឡេងអ្នកបកប្រែថា« ក្នុងនាមជាមិត្តដែកថែម និងសហគមន៍ជោគវាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈមមុខក៏ដូចជាការលំបាកនៅក្នុងប្រទេសកម្ពុជាជាបញ្ហាប្រឈមរបស់ខ្លួន ។ ភាគីចិននិងបន្តផ្តល់ជំនួយជាវ៉ាក់សាំងបរិក្ខារវេជ្ជសាស្រ្តនិងការគាំទ្រជាសម្ភារជូនដល់ប្រទេសកម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា »។
ឯកឧត្តម វ៉ាង វិនធៀន បានបញ្ជាក់បន្ថែមថា ជំងឺវីរុសប្រៀបដូចជាកញ្ចក់មួយផ្ទាំងដែលអាចឆ្លុះបញ្ចាំងរូបភាពផ្សេងៗនៅលើពិភពលោក មានភាពកក់ក្តៅ រួមសុខរួមទុក្ខរវាងចិននិងកម្ពុជា ក៏មានរូបភាពការទម្លាក់កំហុសរបស់ប្រទេសមួយចំនួនផងដែរ មានប្រទេសខ្លះមិនខ្វល់ខ្វាយពីសុវត្ថិភាពរបស់ប្រជាជនខ្លួនឯងផង ក៏ដូចជាស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅទូទាំងសកលលោក បែរជាយកបញ្ហាស្វែងរកប្រភពដើមវីរុស ធ្វើជាឈ្នាន់នយោបាយទៅវិញ ដែលនេះមិនអាចយកចិត្តប្រជាជនបាន នោះទេ ប្រៀបដូចជាយកដុំថ្មបោះលើប្រជាជនខ្លួនឯង ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ប្រទេសចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុបទាំងជំនួយនិងតាមការបញ្ជាទិញចំនួន ២២.២លានដូសហើយៗពេលនេះគឺជាជំហានទី៦ ដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិនមានចំនួនរហូតដល់ ៣.៧លានដូស ដែលប្រទេសចិនគោរពពាក្យសន្យា ជួយផ្តល់ការគាំទ្រដ៏សំខាន់ ដើម្បីបង្កើនភាពសុំាដល់ប្រទេសកម្ពុជាក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា៕
