Connect with us

ព័ត៌មានជាតិ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែង ស្ថិតក្នុងគម្រោងចំណាយជិត៨០ លានដុល្លារ

(ភ្នំពេញ)៖ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប១៤៨ គីឡូ ម៉ែត្រ ចាប់ពីចំការហ្លួង ស្រុក ស្រែអំបិល ដល់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងគ្រោងចំណាយទឹកប្រាក់សរុបប្រមាណជាង៧៨.៣៩៨.៧៤១ដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងនេះ មានតម្លៃគម្រោងសាងសង់ចំនួនជាង៥៩លានដុល្លារ, តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦លានដុល្លារ ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការ អភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ និង ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួនជាង១៣លានដុល្លារ សម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាន ប្រសាសន៍ថា ផ្លូវនេះ នឹងត្រូវពង្រីកដោយកន្លែង មានទទឹង ១១ម៉ែត្រ ក្នុងនោះប្រវែងជាង១២២គីឡូម៉ែត្រ មានចំនួន២គន្លង និងក្រាលបេតុង កៅស៊ូ(AC) កម្រាស់៧សង់ទី ម៉ែត្រ និងបេតុងសរសៃដែក ២៥ សង់ទីម៉ែត្រ។ គម្រោងសាងសង់ នឹងប្រើរយៈពេលចំនួន៣២ខែ គ្រោងចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តម បន្តថា គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេល វេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន ព្រមទាំងជំរុញសក្តានុពល តំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង បន្ទាប់ពីត្រូវបានបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook