Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ

ភ្នំពេញ៖ កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ ខណៈដែលការចរចាជាមួយ ប្រទេសវៀតណាម គឺបានឯកភាពគ្នារួចរាល់ហើយ ។

ឯកឧត្តម ងិន ឆាយប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លៃមៀនប៉ៃលិនស្រស់ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ ដែលបានខិតខំដាំដុះដំណាំប្រភេទនេះ ។

ឯកឧត្តមបានបន្តថា ក្រុមការងារកម្ពុជា បានបន្តទាក់ទងជាមួយភាគីថៃនិងចិនជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាអាចពន្លឿនការចរចានេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ព្រោះភាគីទាំងពីរមិនទាន់ឯកភាពនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាភូតគាមអនាម័យ និងការចុះពិនិត្យ វាយតម្លៃនៅចម្ការផ្ទាល់ ដោយសារតែបញ្ហាជំងឺកូវីដ-១៩នៅតែបន្តរាតត្បាតឥតឈប់ឈរ ។

សំឡេង ៖ « ការចរចាបើកទីផ្សារយើងបានធ្វើការចរចាជាមួយនឹងប្រទេសជិតខាង មានប្រទេសវៀតណាម ថៃ ហើយនិងប្រទេសដែលមានទីផ្សារធំៗគឺចិន ការចរចាជាមួយវៀតណាមគឺយើងបានឯកភាពគ្នាហើយគឺមិនមានបញ្ហាចោទទេ ដោយឡែកការចរចាជាមួយប្រទេសថៃមកដល់ពេលនេះ គឺមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នានៅឡើយទេ គឺយើងរង់ចាំ ចម្លើយពីភាគីថៃពាក់ព័ន្ធទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដោយឡែកការចរចាបើកទីផ្សារជាមួយនឹងចិន គឺអគ្គរដ្ឋបាលគយចិន មិនទាន់អាចបញ្ជូនជំនាញភូតគាមអនាម័យ ដើម្បីធ្វើការវាយតម្លៃចម្ការមៀនប៉ៃលិននៅក្នុងប្រទេសកម្ពុជាបាននៅឡើយនោះទេ ។ ភាគីកម្ពុជាបានទាក់ទងទៅភាគីចិនជាញឹកញាប់ដើម្បីតាមដាន ក៏ដូចជាពន្លឿនការចរចា ហើយភាគីចិនបានឆ្លើយតបមកកម្ពុជាវិញថា ខាងមន្ត្រីជំនាញកំពុងតែពិនិត្យមើលឯកសារ ហើយនៅពេលដែលបញ្ហាជំងឺកូវីដ១៩ថយចុះនោះ ភាគីចិននឹងបញ្ជូនមន្ត្រីជំនាញចុះមក ពិនិត្យ វាយតម្លៃលក្ខខណ្ឌគុណភាពអនាម័យនៅប្រទេសកម្ពុជាយើងហើយ »។

ឯកឧត្តមបានបន្ថែមថា នៅពេលដែលជំងឺកូវីដ-១៩មានសភាពថមថយបន្តិចនោះ កម្ពុជាមានក្តីសង្ឃឹមថា ភាគីចិន នឹងអាចពន្លឿន ដំណើរការនៃការពិនិត្យឯកសារ ហើយនឹងអាចឈានដល់ការចុះពិនិត្យចម្ការមៀនប៉ៃលិននៅប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ដោយឡែកប្រទេសថៃ គឺកម្ពុជានឹងព្យាយាមទាក់ទងជាបន្តទៀត ដើម្បីទទួលបាននូវព័ត៌មានបន្ថែម ថាតើភាគីថៃត្រូវការឯកសារ បច្ចេកទេសអ្វីបន្ថែមទៀត ដើម្បីពន្លឿនកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរឡើង ។

សូមបញ្ជាក់ថា ទូទាំងប្រទេសកម្ពុជាមានខេត្តចំនួន១៤បានដាំដុះដំណាំមៀនប៉ៃលិន(តាង៉ែន) ដែលមានផ្ទៃដីសរុបចំនួន១៣,៦០៨ហិកតា ក្នុងនោះមានខេត្តប៉ៃលិន ខេត្តរតនៈគីរី និងខេត្តបន្ទាយមានជ័យ ដែលដាំដុះដំណាំប្រភេទនេះច្រើនជាងគេ ហើយបច្ចុប្បន្ននេះមៀនប៉ែលិន អាចប្រមូលផលបានលើផ្ទៃដីជាង៩០០០ហិកតា ដែលគិតមធ្យមអាចប្រមូលផលបាន១៦តោនក្នុង១ហិកតាមានតម្លៃជាមធ្យម ១៨០០ រៀល ក្នុងមួយគីឡូក្រាម ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook