Connect with us

ព័ត៌មានទាន់ហេតុការណ៍

វិភាគអន្តរជាតិ៖ តើការដកខ្លួនចេញពីអាហ្វហ្កានីស្ថាន នឹងអាចជួយឱ្យសហរដ្ឋអាមេរិកខ្ទប់ឥទ្ធិពលចិន បានដែរឬទេ?

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់ទិសទីក្នុង     រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខណៈការសម្រេចចិត្តដកខ្លួន ចេញពីអាហ្វហ្កានីស្ថានបានបង្កឱ្យមានភាពចលាចល និងការសង្ស័យជាច្រើនពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តខ្លួនឯង។ នៅក្នុងសហរដ្ឋអាមេរិក ប្រជាប្រិយភាពរបស់លោក បៃដិន បានធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីលោកស្បថចូលកាន់តំណែងមក មិនមែនដោយសារការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននោះទេ តែមកពីរបៀបដោះស្រាយបញ្ហារបស់លោក។ នៅលើឆាកអន្តរជាតិវិញ លោក បៃដិនក៏មិនបានទទួលការគាំទ្រច្រើននោះដែរ ដោយសូម្បីតែក្នុងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។ ជាឧទាហរណ៍ ប្រជាជនអង់គ្លេសជាងពាក់កណ្ដាលជឿថា ការសម្រេចចិត្តដកខ្លួនចេញពីអាហ្វហ្កានីស្ថានរបស់លោក បៃដិន គឺជា «ទង្វើខុសឆ្គង» ស្របពេលសម្ព័ន្ធមិត្តអាមេរិកនៅអាស៊ីនំាគ្នា សង្ស័យពីការប្ដេជ្ញាចិត្តរបស់អាមេរិក នៅចំពោះមុខការកើនឡើងយ៉ាងឆាប់រហ័សនៃឥទ្ធិពលចិន។

បើតាមក្រុមអ្នកជំនាញជាច្រើន រួមទាំងក្រុមមន្ត្រីអាមេរិក ក្រោមរដ្ឋបាលលោក បៃដិន ការដកខ្លួនចេញពីអាហ្វហ្កានីស្ថានគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រងាកមកផ្ដោតសំខាន់លើ តំបន់អាស៊ី ជាពិសេសគឺចិនតែម្ដង ហើយដើម្បីអាចធ្វើបែបនេះបាន អាមេរិកត្រូវតែដកខ្លួនចេញពីតំបន់មួយចំនួនដូចជាមជ្ឈិមបូព៌ាជាដើម ដែលបច្ចុប្ប​ន្ន​លែងសូវសំខាន់ សម្រាប់ប្រយោជន៍ជាតិអាមេរិក។ សហរដ្ឋអាមេរិកបានចំណាយលុយជិត២ទ្រីលានដុល្លារលើសង្រ្គាមនៅអាហ្វហ្កានីស្ថានរយៈពេលជាង២០ឆ្នាំមកនេះ ហើយដោយរវល់តែ ជាប់ដៃក្នុងសង្រ្គាម វាបានផ្ដល់ឱកាសឱ្យចិនពង្រីកឥទ្ធិពលកាន់តែធំឡើងយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ ដូច្នេះថាតើការសម្រេ​ច​ចិត្តបោះបង់ចោលអាហ្វហ្កានីស្ថាន ពិតជាអាចជួយឱ្យអាមេរិកផ្ដោតអារម្មណ៍ ឬចំណេញដល់យុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនដែរឬ?

វាមានហេតុផលចំនួន៣ ដែលយើងត្រូវស្វែងយល់៖

ដំបូងគេបំផុតនោះ គឺគេត្រូវចងចាំថាការសម្រេចចិត្តរបស់អាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែដើម្បីយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនតែមួយមុខដូចដែលរដ្ឋបាលលោក បៃដិន តែងតែអះអាងនោះទេ។ ពោលគឺវាក៏មានជាប់ពាក់ព័ន្ធនឹងនយោបាយនៅក្នុងស្រុកផងដែរ។ ពិតមែនទៅ ប្រជាជនអាមេរិកខ្លួនឯងធុញទ្រាន់នឹងសង្រ្គាមជាយូរណាស់មកហើយ ជាពិសេសគឺសង្រ្គាមមិនចេះចប់ដូចជានៅអាហ្វហ្កានីស្ថាន ហើយគំនិតចង់បញ្ចប់សង្រ្គាមនេះក៏៏ទទួលបាន ការគាំទ្រពីអ្នកនយោបាយអាមេរិកទាំងមាននិន្នាការជឿនលឿននិយម និងអភិរក្សនិយមដែរ។ រឿងមួយដែលអាចយកមកបញ្ជាក់បាន នោះគឺទាំងលោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ រួមទាំងលោក ចូ បៃដិន អាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបាន ក៏ដោយសារតែគោលជំហរប្រឆាំងនឹងសង្រ្គាមរបស់ពួកគេដែរ។ ដូច្នេះប្រសិនបើ និន្ននាការប្រឆាំងសង្រ្គាម និងការលូកដៃក្នុងសង្រ្គាម បន្តមានឥទ្ធិពលក្នុងសហរដ្ឋអាមេរិកនៅពេលអនាគត នោះការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានប្រហែលជានឹង មិនអាចជួយឱ្យអាមេរិកផ្ដោតអារម្មណ៍ប្រកួតប្រជែងជាមួយចិននោះទេ ជាពិសេ​ស​នៅក្នុងករណីដែលការប្រកួតប្រជែង មានន័យថាទាល់តែធ្វើសង្រ្គាមជាមួយចិន។

ទី២ ការដកកងទ័ពយ៉ាងតក់ក្រហល់ ដោយបង្កឱ្យមានភាពចលាចលនៅអាហ្វហ្កានីស្ថាន បានបំផ្លាញរូបភាព និងទំនុកចិត្តចំពោះអាមេរិកនៅលើឆាកអន្តរជាតិមិនតិចនោះទេ បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបដិសេធការអះអាងបែបនេះក៏ដោយ។ មជ្ឈដ្ឋានជាច្រើនក្នុងសហរដ្ឋអាមេរិកជឿជាក់ថាគេមិនអាចយកតៃវ៉ាន់ ជប៉ុន ឬកូរ៉េខាងត្បូងទៅប្រដូចនឹងអាហ្វហ្កានីស្ថានឡើយ តែតាមពិតសម្ព័ន្ធមិត្តទាំងបីនេះសុទ្ធតែសង្ស័យរួចទៅហើយចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក។ ភាពចលាចលបច្ចុប្បន្ននៅរដ្ឋធានីកាប៊ុល បានបង្ហាញថាសហដ្ឋអាមេរិកអសមត្ថភាព ទាំងខាងយោធា និងបេសកកម្មការទូត ព្រមទាំងមានភាពអត្មានិយមដោយគិតតែប្រយោជន៍ខ្លួនឯងជាជាងសិទ្ធិមនុស្ស និងការអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាន។ តើវាអាចទៅរួចទេថា ២ ឬ ៣ ខែក្រោយ មនុស្សនឹងបំភ្លេចព្រឹត្តិការណ៍នៅកាប៊ុល តែវាមិនអាចជួយអាមេរិកក្នុងការបញ្ជូនសារទៅកាន់សម្ព័ន្ធ​មិត្តពីការប្ដេជ្ញាចិត្តខ្ទប់ឥទ្ធិពលចិននោះទេ ពីព្រោះមេរៀននៅអាហ្វហ្កានីស្ថាន នឹងកាន់តែធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិ​កចាប់ផ្ដើមសួរខ្លួនឯងថា «តើពួកគេសំខាន់ចំពោះប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ដែរឬទេ?» ប្រវត្តិសាស្ត្រ រួមទាំងអ្វីដែលបានកើតឡើងនៅអាហ្វហ្កានីស្ថានបានប្រាប់យើងថា ប្រយោជន៍ជាតិរបស់ប្រទេសមួយ តែងតែ ផ្លាស់ទៅតាមកាលៈទេសៈ។ ជាក់ស្ដែង អាមេរិកធ្លាប់ចាត់ទុកអាហ្វហ្កានីស្ថានមានសារៈសំខាន់បំផុតចំពោះ​ប្រយោជន៍ជាតិរបស់ខ្លួនក្រោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះគឺជួយទប់ស្កាត់កុំឱ្យមានការវាយប្រហារភេរវកម្មប្រឆាំងនឹងអាមេរិក តែនៅចុងបញ្ចប់អាហ្វហ្កានីស្ថានបែរជាអស់តម្លៃ ហើយអាមេរិកដកទ័ពចេញដោយមិនស្ដាយស្រណោះ ហើយទុកឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដួលរលំក្រោមដៃតាលីបង់។

ហេតុផលទី៣ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ប្រៀបបានដូចជាការបើកទ្វារភូមិសាស្ត្រនយោបាយថ្មីមួយ សម្រាប់ឱ្យចិនបញ្ជៀបឥទ្ធិពល នៅក្នុងតំបន់អាស៊ីកណ្ដាល និងតំបន់មជ្ឈិមបូព៌ា។ ចិននឹងទទួលបានផលចំណេញយ៉ាងធំនៅក្នុងតំបន់អាស៊ីកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ខណៈឥទ្ធិពលអាមេរិកនៅក្នុងតំបន់ ទាំងនេះនៅតែបន្តថយចុះ។ បណ្ដាប្រទេសជាច្រើនដូចជារុស្ស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន និងបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ អាចនឹងកាន់តែស្វាគមន៍ការចូលរួមចំណែកយ៉ាងសកម្មរបស់ចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវជាដើម។ មិនតែប៉ុណ្ណោះ វានៅតែមានការសង្ស័យដែរថា តើបណ្ដាប្រទេសអាស៊ីខាងកើតដូចជា ជប៉ុន ឬកូរ៉េខាងត្បូង អាចនឹងចូលរួមអស់ពីចិត្តពីថ្លើម នៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិកដែរ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ភ្លាមៗ គេមិនអាចដឹងឱ្យប្រាកដថាការដួលរលំរបស់អាហ្វហ្កានីស្ថានធ្វើឱ្យអាមេរិកខាត ឬក៏ចំណេញប៉ុនណានោះទេ។ ប៉ុន្តែអ្វីដែលគេអាចដឹងបាន នោះគឺថា ភាពចលាចលនៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុលសព្វថ្ងៃ នឹងធ្វើឱ្យសម្ព័ន្ធមិត្តទាំងអស់មើលសហរដ្ឋអាមេរិកក្នុងក្រសែភ្នែកប្រុងប្រយ័ត្នជាងមុន ដោ​យ​ចាប់ផ្ដើមគិតក្នុងចិត្តថា ពួកគេមិនអាចបន្តពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិកទាំងស្រុងនោះទេ ដូចអ្វីដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen លើកឡើងថាតៃវ៉ាន់ត្រូវតែរឹងមាំដោយខ្លួនឯង ជាជាងពឹងលើអ្នកដទៃ៕

ប្រភព៖ Diplomat (ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១)

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published.

Facebook