ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បន្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី២៤ ខែសីហា ខណៈដែលជំនន់ទឹកភ្លៀងនេះបានបណ្ដាលឱ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសំបែង។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះកម្រិតទឹកភ្លៀងមានការស្រកហើយ ខណៈដែលទឹកភ្លៀងនេះបានធ្លាក់ខ្លាំងចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៨យប់ កាលពីថ្ងៃទី២៤ ម្សិលមិញ ហើយកម្រិតភ្លៀងធ្លាក់ខ្លាំង នៅចន្លោះ១២០មម ទៅដល់២៧៩មម ហើយសរុបបរិមាណទឹកភ្លៀង ២៨៥៨មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
លោកបានបន្តថា ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិចលង់ ។

«ក្រុមការងារកំពុងចុះសិក្សាវាយតម្លៃនៅតាមទីតាំងរងផលប៉ះពាល់ ខណៈដែលមក ដល់ពេលនេះមិនទាន់មានមនុស្សស្លាប់នៅឡើយនោះទេគ្រាន់តែមានអ្នកបាត់ខ្លួនម្នាក់ដែលហូរទៅតាមទឹក ហើយក្រុមការងារមានសមត្ថកិច្ចកំពុងតាមស្វែងរកជួយសង្រ្គោះ ហើយតាំងពីយប់មិញមកដល់ព្រឹកនេះមិនទាន់បានបញ្ចប់ប្រតិបត្តិការនៅឡើយទេ »។
គួរជម្រាបថា កាលពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្រុងព្រះសីហនុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ កម្ពស់ទឹកភ្លៀងមានកម្រិតខ្ពស់ហើយបានធ្វើឱ្យតំបន់ទំនាបមួយចំនួនដូចជា អូរ១ អូរ២ អូរ ៣ អូរ ៤ និងអូរ៥ ទទួលរងការលិចលង់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងដែរថា ចាប់ពីថ្ងៃទី ២៥ដល់៣១ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននូវជ្រលងសម្ពាធទាប ITCZ សាជាថ្មីផងដែរ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តា តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C សីតុណ្ហភាពអតិបរមា មានពី ៣៣ទៅ៣៥°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្រមធ្យម ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕




