(ញូយ៉ក)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា ប្រទេសចិននឹងអាចក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុស COVID-19 បំប្លែងខ្លួន Delta បានសម្រេច ព្រោះគ្មានករណីឆ្លងក្នុងសហគមន៍ថ្មីៗ ត្រូវបានរាយការណ៍នោះឡើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននាថ្ងៃនេះ។
CNN បានគូសបញ្ជាក់ថា ការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងខ្លួន Delta នាពេលថ្មីៗនេះ គឺជា «បញ្ហាប្រឈមដ៏ធំបំផុត ចំពោះគោលនយោបាយសូន្យករណីរបស់ប្រទេសចិន»។ អាជ្ញាធរចិនបានឆ្លើយតបចំពោះវីរុសដ៏កាចសាហាវនេះ ដោយដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក៏ដូចជាការធ្វើតេស្តរកវីរុសនេះ និងការតាមដានរកវីរុសនេះ និងការរឹតត្បឹតលើការធ្វើដំណើរក្នុងស្រុកជាដើម។
CNN បាននិយាយបន្ថែមថា «វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ហាក់ដូចជាកំពុងដំណើរការ»។ ករណីឆ្លងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់ ក្នុងរយៈពេល០១សប្តាហ៍ ចុងក្រោយនេះដោយធ្លាក់ចុះពីជាង ១០០ករណី ដែលជាចំណុចកំពូលរបស់ខ្លួនកាលពី០២សប្តាហ៍មុន មកនៅត្រឹមតែប៉ុន្មានករណីប៉ុណ្ណោះ។
ប្រទេសចិននៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២១ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលទាំងអស់ ដោយគ្មានករណីឆ្លងក្នុងសហគមន៍ឡើយ ដែលនេះគឺជាលើកដំបូងហើយ ដែលប្រទេសនេះមិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ គិតចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
គួរបញ្ជាក់ថា អាជ្ញាធរចិនបានដាក់ចេញនូវវិធានការដាក់ឱ្យនៅដាច់ដោយឡែក ដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកដំណើរ ដែលមកដល់ប្រទេសនេះ និងបានដាក់ចេញនូវវិធានការបិទខ្ទប់ ការធ្វើតេស្ត និងការតាមដាន ដើម្បីកំចាត់រាល់ករណីឆ្លងដែលនៅសេសសល់ តាមរយៈការការពារ។ អស់រយៈពេលជាង០១ឆ្នាំមកនេះ វិធានការទាំងនេះទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការរក្សាករណីឆ្លងមកនៅត្រឹមជិតសូន្យករណី។
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស៩៤,៧០៧ករណី ក្នុងនោះមានអ្នកស្លាប់៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៨,៤៩៦នាក់៕
ដោយ គង់ សុខឡេង។

