Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល អញ្ជើញផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មី

(កណ្តាល)៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មី ចំនួន១៦នាក់ ស្មើនឹង៣១ក្បាល ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC អញ្ជើញជួបសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការគម្រោងសាងសង់ព្រលាន យន្តហោះអន្តរ ជាតិភ្នំពេញថ្មី ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។ ក្នុងខេត្តកណ្តាល មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ឃុំ ស្មើនឹង ១៣ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោងនឹងបញ្ចប់ការស្ថាបនាឱ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤ ០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន ៤០ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព ហើយបច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ក្បាលដីទៀត ដែលមិនទាន់យល់ព្រមទទួលយកការដូរដី ឬការលក់ដីជូនព្រលាន។

ឯកឧត្ដម គង់ សោភ័ណ្ឌ បន្តថា ការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាព របស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលាន យន្តហោះខ្នាតអន្តរជាតិ។ នៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញ ជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាពធូរធារគ្រប់ៗគ្នា។

ឯកឧត្ដមអភិបាលខេត្ត បានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោល នយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ដីឱ្យព្រលាន ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលាន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook