Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជាង៩០០០ហិកតាក្នុងស្រុកចំនួន៤នៃខេត្តសៀមរាប កំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត

សៀមរាប៖ ស្រុកចំនួន៤របស់ខេត្តសៀមរាបកំពុងរងផលប៉ះពាល់លើដំណាំស្រូវជាង ៩០០០ហិកតា ដោយសារគ្រោះរាំងស្ងួត ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងចាត់វិធានការជួយសង្រ្គោះ ដើម្បីកាត់បន្ថយផលប៉ះពាល់។

លោក លី សំរឹទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ នៅក្នុងខេត្តសៀមរាប បានរងផលប៉ះពាល់ដោយកូនរដូវប្រាំង មិនមានភ្លៀងធ្លាក់ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋជិត៧០០គ្រួសារ ស្មើនឹង ជាង៩០០០ហិកតា នៅក្នុងស្រុកចំនួន៤ មាន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង។

លោកបន្តថា ផលប៉ះពាល់ដល់ដំណាំស្រូវទាំងនោះ មិនទាន់មានការខូចខាតទ្រង់ទ្រាយធំនៅឡើយទេ ប៉ុន្តែបើសិនក្នុងរយៈពេល១សប្តាហ៍ឬ១០ថ្ងៃទៀត មិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ដំណាំទាំងនោះអាចនឹងខូចខាតទាំងស្រុង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមការងារជំនាញរបស់មន្ទីរកសិកម្ម និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បាននិងកំពុងមមាញឹកធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះ លើផ្ទៃដីវាលស្រែណា ដែលមានប្រភពទឹកនៅក្បែនោះ ដើម្បីកាត់បន្ថយផលប៉ះពាល់។បន្ថែមពីនេះអាជ្ញាធរខេត្ត បានត្រៀមជាស្រេចនូវពូជស្រូវ ពូជដំណាំ និងជីកសិកម្ម សម្រាប់ចែកជូនប្រជាកសិករ បង្កបង្កើនផលឡើងវិញ ក្នុងករណីមានផលប៉ះពាល់ធ្ងន់ធ្ងរឬខូចខាតទំាងស្រុងលើផលដំណាំរបស់ពួកគាត់ នៅពេលកូនរដូវប្រាំងបានបញ្ចប់។

”ពាក់កណ្តាលខែសីហា មកដល់ថ្ងៃ២០ជាងនេះ សៀមរាបយើងមានចំនួន៤ស្រុក ត្រូវជា២៦ឃុំ ប្រជាពលរដ្ឋ៦៩៩គ្រួសារ ដែលរងផលប៉ះពាល់ដំណាំស្រូវ ចំនួន៩០០០ជាងហិកតានេះជាផលប៉ះពាល់ទេ មិនទាន់មានការខូចខាតទាំងស្រុងទេ មានស្រុកស្រីស្នំ១២០០ហិកតា ស្រុកក្រឡាញ់ជិត១០០០ហិតកា ស្រុកពួក៨៤០ ស្រុកជីក្រែង៦៩០០ហិកតា មិនទាន់មានការខូចខាតទេ លើកលែងតែស្រុកជីក្រែង ខូចខាតទាំងស្រុង២៨០០ហិកតា ដូចជា៣ថ្ងៃហើយមានភ្លៀងធ្លាក់ដោយកន្លែង កន្លែងខ្លះបានប្រឹសៗមកវិញខ្លះហើយ បើសិនជាក្នុងពេល១សប្តាហ៍ឬ១០ថ្ងៃ អត់មានភ្លៀងធ្លាក់កន្លែងហ្នឹងខូចខាតហើយ ឥឡូវនេះមន្ទីរកសិកម្មនិងមន្ទីរធនធានទឹក បានធ្វើអន្តរាគមន៍បូមទឹកបញ្ជូលហើយ ប៉ុន្តែសំខាន់វាពិបាកនិងប្រភពទឹក វាលស្រែធំល្វឹងល្វើយនៅខាងត្បូងអត់មានប្រភពទឹកជួយទេ បើថាខូចខាតទាំងស្រុងមានតែត្រៀមស្រូវពូជ ជី ថ្នាំ អីដើម្បីជួយគាត់ពេលបញ្ចប់កូនរដូវប្រាំងនេះ។

យោងតាមទំព័រហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះបានបង្ហាញស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះដំណាំស្រូវនៅខេត្តចំនួន៤ មានខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហិកតា ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហិកតា និងស្តារឡើងវិញបានចំនួន ២ ៣៧៦ហិកតា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook