ភ្នំពេញ៖ កុមារនិងយុវវ័យ មានភាពជឿជាក់និងកក់ក្តៅក្រោយទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២រួចរាល់ ដែលវ៉ាក់សាំងនេះនឹងជួយបង្កើនភាពស៊ាំនៅក្នុងខ្លួនបន្ថែមទៀត ដើម្បីឈានទៅការបើក សាលារៀនឡើងវិញនៅពេលឆាប់ៗនេះ។
យុវជន សុខ សុធា នៅរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានការឆ្លងរីករាលដាលខ្លាំងនៃវីរុសកូវិដ១៩ ក៏ដូចជាវីរុសបំប្លែងថ្មីដែលតា (Delta) ហើយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ដែលនេះជាក្តីសង្ឃឹមរបស់កុមារ និងយុវវ័យដើម្បីការពារកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ហើយអាចចូល សាលារៀនវិញនាពេលឆាប់ៗនេះ។
ខណៈដែលកុមារ និងយុវវ័យបានចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២នេះ យុវជនរូបនេះបានបន្តថា ក្រោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២រួចរាល់ គឺមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងមានភាពជឿជាក់ ព្រោះការចាក់វ៉ាក់សាំងនេះជាដំណោះស្រាយដ៏សមស្របបំផុត នៅក្នុងការប្រយុទ្ធគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) ហើយក៏រំពឹងថារយៈពេលមិនយូរទេនឹងមានការបើកដំណើរការសាលារៀនឡើងវិញជាជំហានៗ ក្រោយបានបិទដំណើរការអូសបន្លាយអស់រយៈពេលជាយូរមកហើយ ។
« ការចាក់វ៉ាក់សាំងលើកទី២ ហើយមានអារម្មណ៍ថាកក់ក្តៅជាងមុន ព្រោះអីយើងបានចាក់វ៉ាក់សាំងលើកទី២ ទោះដើរទៅណាក៏មានអារម្មណ៍ថាសប្បាយចិត្ត តែយ៉ាងម៉េចក៏ដោយក៏នៅតែការពារដូចមុនដែរ ។ រំពឹងទុកថាសាលារៀននឹងបើកឡើងវិញព្រោះបានចាក់វ៉ាក់សាំងរួចរាល់ ។ អរគុណរាជរដ្ឋាភិបាលដែលបានគិគូរដល់ប្រជាជននិងបានចាក់វ៉ាក់សាំងឲ្យគាត់ទាំងអស់គ្នា » ។

ចំណែកប្អូនប្រុសហេងរដ្ឋារស់នៅខេត្តកណ្តាលបានបញ្ជាក់ថាបើទោះបីជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយយ៉ាងណាក្តី ប្អូនក៏នៅតែប្រុងប្រយ័ត្នការពារខ្លួន និងអនុវត្តវិធានសុខាភិបាលជាប្រចាំ ជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «៣កុំ និង៣ការពារ» សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាជាយថាហេតុណាមួយ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សំាងជូនដល់កុមារនិងយុវវ័យដែលមានអាយុ ចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះមានកុមារនិងយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចំនួន ៥៩,០១ភាគរយហើយបានទទួលការ ចាក់វ៉ាក់សាំង បើ ធៀបជាមួយនឹងកុមារនិងយុវវ័យគោលដៅ ១,៩៦៦,៩៣១ នាក់៕