Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការនឹងរៀបចំកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ដោយមានការចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន

ក្រសួងសាធារណការ  និងដឹកជញ្ជូន បានជូនដំណឹងថា នៅថ្ងៃទី៣០​ ខែសីហា​​ ឆ្នាំ២០២១ខាងមុខនេះ​ នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសបុក​ (MPWT LIVE SHOW) ក្នុងប្រធានបទ​ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» ដែលនឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីសំណាក់ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី​ ​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ។ នេះបើយោងតាមអង្គ​ភាព​ព័ត៌មាន​​កម្ពុជាសន្តិភាព ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែសីហា ឆ្នាំ២០២១នេះ។

​          ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋ មានសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន​(comment) ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ  និងដឹកជញ្ជូន ដើម្បីជ្រើសរើសមកឆ្លើយតបជូន​ ក្នុងកម្មវិធីផ្សាយផ្ទាល់​នេះ។ កម្មវិធីផ្សាយផ្ទាល់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០២១ វេលាមម៉ោង៩ និង០០ព្រឹកតទៅ។

សូមជម្រាបថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ​ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ បានលើកឡើងអំពីការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះ គឺជាការចែករំលែកព័ត៌មាន ទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជា មតិយោ​បល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

យោងតាមតារាងកាលវិភាគ សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖ ទី១- សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២- ការងារលេខពិសេសផ្ទាល់ខ្លួន ទី៣-ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី៤- ការងារបច្ចេកទេសផ្លូវថ្នល់ និង៥- ការងារវិស័យដឹកជញ្ជូនផ្លូវគោក៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook