Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មបានដាក់ចេញវិធានការដោះស្រាយមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងផ្នែកវារីវប្បកម្ម នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការដោះស្រាយមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យ វារីវប្បកម្មនៅកម្ពុជា ខណៈដែលវិស័យនេះកំពុងជួបបញ្ហាប្រឈម ដោយសារជំងឺកូវីដ-១៩នៅតែបន្តរាតត្បាត ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា វារីវប្បកម្មកម្ពុជា បានជួបប្រទះ នឹងបញ្ហាប្រឈមក្នុងឆ្នាំ២០២០ នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារកម្មវិធីជួបជុំ ដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍និងភោជនីយដ្ឋានមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការត្រី សាច់មានការ ​ថយចុះ គួបផ្សំនឹងផលិតផលវារីវប្បកម្មក្នុងស្រុក មិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាងដែលនេះជាហេតុ ធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ ។

លោកបន្តថា ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យនេះ ក្រសួងបានដាក់ចេញនូវវិធានការសម្រាប់ រយៈពេលមធ្យមនិងវែងនៃការធ្វើវារីវប្បកម្ម ក្នុងគោលបំណងជម្នះបាននូវបញ្ហាប្រឈម វិធានការគោលនយោបាយធំៗនិងសមស្របមួយចំនួន ត្រូវបានដាក់ចេញនូវវិធានការសម្រាប់ ដោះស្រាយក្នុងរយៈពេលមធ្យម និងវែង ដើម្បីធ្វើឱ្យប្រសើរឡើងការអភិវឌ្ឍន៍វារីវប្បកម្ម ដូចជា បង្កើនបរិមាណ គុណភាព និង ភាពសម្បូរ បែបនៃពូជវារីជាតិសម្រាប់វារីវប្បករ,រៀបចំគម្រោងកម្មវិធីជាក់លាក់សម្រាប់គ្រប់គ្រង អភិវឌ្ឍនិងចែកចាយពូជវារីជាតិ ដែលមានគុណ ភាពខ្ពស់ ដល់ប្រជាវារីវប្បករ ,រៀបចំចងក្រងបណ្តុំវារីវប្បករផលិតពូជត្រីនៅតាមតំបន់ ព្រមទាំងផ្តល់នូវបច្ចេកទេសផលិតពូជត្រី ដែលមាន សក្តានុពលសេដ្ឋកិច្ចខ្ពស់សម្រាប់ពង្រីកពូជត្រីដល់វារីវប្បករស្របតាមតម្រូវការជាក់ស្តែងជាដើម ។

« រដ្ឋបាលជលផលជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯកឧត្តមរដ្ឋមន្ត្រី គឺបានជំរុញឱ្យមាន ដំណោះស្រាយចំពោះមុខ ឃើញថាយើងបានរៀបចំវិធានគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជា ដែលក្នុងគោលបំណងធ្វើឱ្យ ផលិតភាពវារីវប្បកម្មនៅក្នុងស្រុក មានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែមនៃវិស័យវារីវប្បកម្មនេះ នៅក្នុង សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀងសុវត្ថិភាពនិងអាហារូបត្ថម្ភ ។ ក្នុងនោះដែក្រសួងក៏បានបង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ហើយមានការប្រជុំជាមួយសមាគមកម្ពុជា និងអាជីវករដែលនាំចូល នោះជាបន្តបន្ទាប់ ដើម្បីជំរុញការផលិតវារីវប្បកម្មនិងស្វែងរកដំណោះស្រាយជូនវារីវប្បករ ។ ម្យ៉ាងវិញទៀត ក្រុមការងារទប់ស្កាត់ និង បង្ក្រាបការដឹកជញ្ជូនផលិតផលនាំចូល-នាំចេញនិងឆ្លងកាត់ដោយគ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើងដើម្បីបង្ក្រាបបទល្មើស បន្ទាប់មកទៀតយើងឃើញថា មានការកាត់បន្ថយនិងតម្រឹមជំនួសមកវិញ ឱ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន នៅតាមស្រះទឹក និងតាមថង់ប្លាស់ស្ទិកនៅក្នុងស្រុក ដែលបានកកស្ទះនេះ ជាពិសេសទៀតនោះ ក្រសួងក៏បានប្រជុំអន្តរក្រសួងដើម្បីរកដំណោះស្រាយ ឬបញ្ហាកំពុងជួបប្រទះ ទន្ទឹមនោះរដ្ឋបាលជលផលតាមរយៈគម្រោង CapFish Capture និងគម្រោង CAST គឺបានគាំទ្រដល់សហគ្រិន ខ្នាតតូច ក្នុងការកែច្នៃផលផលិតផលជលផល » ។

សូមបញ្ជាក់ថា ផលវារីវប្បកម្មគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ទទួលបានចំនួន ១៥១,៤៥៧ តោន និង កូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២ កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាប រួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្រ រួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook