ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន វាយតម្លៃខ្ពស់ពីប្រសិទ្ធភាពកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាក ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ខណៈដែលកម្មវិធីអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូល រួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ មើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដោយផ្តោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ របាយការណ៍ស្ដីពីលទ្ធផលសិក្សារបស់និស្សិត វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនសម្រាប់ឆមាសទី១ និងផែនការសម្រាប់ឆមាសទី២ វឌ្ឍនភាពការងារដកពិន្ទុ និងបំពេញពិន្ទុឡើង វិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក និងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លើកដំបូង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតរហូតមកទល់ពេលនេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅបាន ប្រមាណ៩៩% ហើយបន្ថែមពីលើនេះ កម្ពុជាជាប្រទេសទី ពីរបន្ទាប់ពីប្រទេសអ៊ីស្រា អែល ដែលបានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន ជាពិសេស ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានខិតខំប្រឹង ប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិទ្យាស្ថានអាចដំណើរការបានក្នុងរយៈពេលខ្លី និងសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ និងបានសម្ដែងនូវការគាំទ្រឱ្យវិទ្យាស្ថានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន RMA Group សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យា ល័យ Chang’ An ដែលជាសាលាមួយល្បីនៅប្រទេសចិន និងបានជំរុញឱ្យវិទ្យា ស្ថានបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជា មួយសាកលវិទ្យាល័យមហាវិទ្យាល័យធំៗក្នុងពិភពលោក និងដៃគូអភិវឌ្ឍន៍នានា ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិទ្ធភាពនៃកម្ម វិធីដកពិន្ទុ និង បំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក គឺដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់បណ្ណនានារួម មាន ៖ បណ្ណបើកបរ លិខិត ឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថា បណ្ណបើកបរ ត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
គួរកត់សម្គាល់ថា កិច្ចសហ ប្រតិបត្តិការយ៉ាងស្អិតល្មួតរវាងអគ្គស្នងការដ្ឋាននគរ បាលជាតិ ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទើបយើងអាចបន្តជំរុញការងារអភិវឌ្ឍន៍កម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាក ពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនេះ ឱ្យដំណើរទៅមុខបានដោយរលូន៕
