(ភ្នំពេញ)៖ សិប្បកម្មកែច្នៃផ្លែឈើស្រស់ក្នុងខេត្តបាត់ដំបងប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនស្រស់ក្នុងមួយថ្ងៃ២ តោន ខណៈដែលផ្លែមៀនប៉ៃ លិនស្រស់ជាច្រើនកំពុងមាន ការកកស្ទះនៅលើទីផ្សារ ។
លោក អ៊ុយ ចេងហេង ស្ថាបនិកកែច្នៃផ្លែឈើស្រស់នៅភូមិសាសាបាលាត់ សង្កាត់អូម៉ាល់ ក្រុង ខេត្ដបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាថា សិប្បកម្មកែច្នៃផ្លែឈើស្រស់របស់លោកកំពុងធ្វើការបញ្ជាទិញផ្លែមៀនប៉ៃលិនស្រស់ ពីប្រជាកសិករក្នុងមួយថ្ងៃ២តោន ដើម្បីចូលរួមធ្វើយុទ្ធនាការជួយកែច្នៃមៀនប៉ៃលិនស្រស់កុំឱ្យសល់ជន់ជោរនៅលើទីផ្សារ។
លោកបានបញ្ជាក់ថា សម្រាប់ផ្លែមៀនប៉ៃលិនស្រស់ដែលយកទៅកែច្នៃមានពីរប្រភេទ គឺជាដំណាប់ផ្លែមៀនប៉ៃលិនសម្ងួតក្រៀមដោយធម្មជាតិ និងផ្លែមានកំប៉ុង ដែលបានផលិតតាមស្តង់ដារបច្ចេក ទេសត្រឹមត្រូវ មិនប្រើប្រាស់ សារជាតិគីមី ស្ករ ពណ៌ ក្លិនបន្ថែមទេ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។

“ជាទូទៅយើងផលិតហើយយើងទុករយៈ ពេលបីថ្ងៃ យើងទុកពិនិត្យ មើលគុណភាពសិន ដោយ សារតែយើងមិនបានប្រើសមាសធាតុរក្សាទុកដូចរបស់នាំចូលទេ សម្រាប់ប្រទេសគេ គេមិនសូវគិតគូរដូចយើងទេ តែសម្រាប់ពួកយើងផលិតហើយ ត្រូវទុករយៈពេល៣ថ្ងៃសិន កុំឱ្យវាមានបញ្ហា ច្បាស់ថាវាមានគុណភាពល្អហើយ ទើបយើងយកទៅវេចខ្ចប់ប្រគល់ជូនភ្ញៀវ។
លោកបានចាប់ផ្ដើមបង្កើតសិប្បកម្មកែច្នៃផ្លែឈើស្រស់នេះ នៅដើមឆ្នាំ២០២០ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជាធានី- ខេត្តផ្សេងៗផងដែរ ។

លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិត ផល ដែលជាស្នាដៃររបស់កសិករខ្មែរយើងដាំ និងខិតខំកែច្នៃផលិតយកគុណភាពជាចម្បង ជាជាងគាំទ្រផលិត ផលនាំចូល ដើម្បីជាការលើក ទឹកចិត្តដល់ប្រជាកសិករបស់ប្រទេសយើងមានការខិតខំបន្ថែមទៀត ជាពិសេសគឺបានលើកស្ទួយដល់វិស័យកសិកម្មក្នុងស្រុក ហើយសូមប្រជា ពលរដ្ឋកុំយល់ច្រលំថាផលិត ផលទាំងអស់នេះ ជារបស់នាំចូល ព្រោះបច្ចុប្បន្ននេះ កសិករយើងក៏មានការយល់ ដឹង ពីរបៀបដាំដុះ និងវេចខ្ចប់ឱ្យត្រូវតាមស្ដង់ដារបច្ចេក ទេសបានត្រឹមត្រូវច្បាស់ លាស់ និងមានអនាម័យដែរ។
សូមបញ្ជាក់ថា សិប្បកម្មកែច្នៃផ្លែឈើណាវីតា បានចេញលក់នៅលើទីផ្សាអស់រយៈពេល៦ខែមកហើយដូចជា នៅផ្សារអាល្លឺម៉ង់ទួលទំពូង ម៉ាតកសិសុខភាពផ្សារថ្មី ម៉ាតស្នាដៃម៉ែព្រែកលាប និងនៅបុរីភ្នំពេញថ្មី ដែលមានលក់ដូចជា ផ្លែមៀនកំប៉ុង ដំណាប់មៀន ដំណាប់ម្នាស់ ដំណាប់ស្រការនាគ ដំណាប់ស្វាយ ដំណាប់ប៉េងប៉ោះជាដើម ៕
