Connect with us

ព័ត៌មានទាន់ហេតុការណ៍

ដល់វេណអាមេរិកសងសឹកវិញហើយ!

 (វ៉ាស៊ីនតោន)៖ ពីរថ្ងៃក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលឱ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួសនោះ សហរដ្ឋអាមេរិកកើតទុកខមិនសុខចិត្ត ក៏បានបើកការវាយប្រហារសងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន អេភី (AP) នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃនេះ។

ទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ពីព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោ​យបំផ្ទុះគ្រាប់បែកអត្តឃាត ទៅលើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឱ្យជនជាតិអាហ្វហ្គានីស្ថានកើនដល់ ១៨២នាក់ ខណៈទាហានអាមេរិក ១៣នាក់បាត់បង់ជីវិត គិតត្រឹមថ្ងៃទី២៨ ខែសីហានេះ ។

អ្នកនាំពាក្យយោធាអាមេរិកលោក វីលៀម អឺប៊ែន (William Urben) បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើមនុស្សម្នាក់ដែលត្រូវបានសម្លាប់ក្នុងខេត្ត Nangahar នោះ ពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ដែរ ឬមួយក៏យ៉ាងណានោះឡើយ។

សូមបញ្ជាក់ថា  ការវាយប្រហារក្នុងខេត្ត Nangahar ភាគខាងកើតរដ្ឋធានីកាប៊ុលនេះ បានកើតមានឡើង បន្ទាប់ពីមានការប្តេជ្ញាចិត្តតាមប្រមាញ់ អ្នកស្ថិតនៅពីក្រោយការវាយប្រហារ នៅព្រលានយន្តហោះទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុកមួយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ នៅក្នុងឱកាសនោះលោក ចូ បៃដិន បានបញ្ជាឱ្យថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ រៀបចំផែនការសងសឹកវិញភ្លាមៗតែម្តង៕

ដោយ គង់ សុខឡេង។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook