Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ សហការគ្នាជំរុញចលនាទេសចរណ៍ក្នុងសហគមន៍ជុំវិញបឹងទន្លេសាប

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ ក្នុងសហគមន៍ទេសចរណ៍ ក្នុងបរិបទវិបត្តិកូវីដ១៩ សំដៅធ្វើយ៉ាងណាឱ្យវិស័យនេះមានលក្ខណៈល្អប្រសើរឡើងវិញ។

បើតាមការបញ្ជាក់ពីឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គម្រោងជំហានដំបូងនេះ នឹងអនុវត្តទៅលើសហគមន៍ចំនួន៥ នៅក្នុងខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម មានប្រសាសន៍ថា ការរៀបចំចលនាអេកូទេសចរក្នុងសហគមន៍នៃខេត្តទាំង៤នេះ តាមគន្លងនៃ បរិបទវិបត្តិកូវីដ១៩ នឹងអាចជាគំរូឈានទៅរៀបចំចលនាក្នុងសហគមន៍នៅតាមបណ្តាខេត្តមាន សក្តានុពលអេកូទេសចរណ៍ផ្សេងៗទៀត។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានឱ្យដឹងថា ក្នុងបរិបទដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរាតត្បាតដោយកូវីដ១៩ គឺមានតែការសហការគ្នាក្នុងការជំរុញឱ្យសកម្មភាពទេសចរណ៍ក្នុងសហគមន៍ងើបឡើងវិញប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងសហគមន៍ទៅបានប្រសើរ លុះត្រាណាតែមានការ ចូលរួមពីប្រជាជនក្នុងមូលដ្ឋាន គួបផ្សំនឹងការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ឱ្យមានចំណេះដឹងទាំងផ្នែកមគ្គុទ្ទេសក៍ទេស ចរណ៍ ផ្នែកបម្រើសេវាកម្ម និងបដិសណ្ឋារកិច្ចទេសចរណ៍ ជាដើម។

លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានឱ្យដឹងថា ក្នុងភាពជាដៃគូនេះ ខាងសហគ្រិនខ្មែរនឹងផ្តល់ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការរៀបចំសហគមន៍ទេសចរណ៍ឱ្យទទួលបានទាំងចំណេះ និងជំនាញផ្នែកមគ្គុទ្ទេសទេសចរណ៍ សេវាកម្មម្ហូបអាហារ ស្នាក់នៅ និងបដិសណ្ឋារកិច្ច។

សូមបញ្ជាក់ថា ក្រសួងទេស ចរណ៍បាននិងកំពុងជំរុញលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ឱ្យបាននៅត្រឹមត្រីមាសទី៤ខាងមុខនេះ

ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ បន្ទាប់ពីធ្លាក់ចុះដល់៨០ភាគរយ ដោយបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២០៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook