ព័ត៌មានទាន់ហេតុការណ៍
វិភាគអន្តរជាតិ៖ តើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាអ្វី?

(សិង្ហបុរី)៖ កំឡុងថ្លែងសុន្ទរកថានយោបាយការបរទេសដ៏សំខាន់ក្នុងពេលបំពេញដំណើរទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានរិះគន់ចិនចំៗថា កំពុងសម្លុតគំរាមកំហែងបណ្ដាប្រទេសក្បែរខាងដែលជាភាគីជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង។ តែចិនបានច្រានចោលការចោទប្រកាន់បែបនេះ ហើយចោទបកទៅអាមេរិកវិញថាកំពុងបំបែកបំបាក់ទំនាក់ទំនងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់។
ក្រៅតែពីរិះគន់ចិន លោកស្រី Harris ក៏បានសន្យាដែរថា សហរដ្ឋអាមេរិកនឹងឈរនៅខាងសម្ព័ន្ធមិត្ត រួមទាំងប្រទេសដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន ព្រមទាំងធានាឱ្យបាននូវសេរីភាព និងការបើកចំហរ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ពាក្យថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលក្រុមមន្ត្រីអាមេរិក ទន្ទិញយ៉ាងជាប់មាត់គឺចង់សំដៅទៅលើយុទ្ធសាស្ត្រដែលទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបច្ចុប្បន្ន យុទ្ធសាស្ត្របែបនេះកំពុងត្រូវបានលោកប្រធានាធិបតី ចូ បៃដិន យកមកអនុវត្តបន្តសំដៅពង្រីកឥទ្ធិពលអាមេរិក និងខ្ទប់កើនឡើងឥទ្ធិពលចិន។
*តើពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ត្រូវបានយកមកប្រើតាំងពីពេលណា?
កាលពីដំបូងឡើយ អស់រយៈពេលជាច្រើនទសវត្សរ៍ ទឹកដីដ៏ធំសម្បើមមួយ ដែលលាតសន្ធឹងពីអូស្ត្រាលី រហូតដល់ឥណ្ឌា ត្រូវបានសហរដ្ឋអាមេរិកហៅថា «តំបន់អាស៊ី-ប៉ាស៊ីហ្វិក» ស្របពេលអ្នកជំនាញខាងនយោបាយការបរទេសជាពិសេសនៅឥណ្ឌា ឥណ្ឌូណេស៊ី និងអូស្ត្រាលីហៅតំបន់នេះថា «ឥណ្ឌូ-ប៉ាស៊ីហ្វិក» (Indo-Pacific)។ បើគេចាំមិនភ្លេចទេ នៅមុនលោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចកាន់ប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីកាលខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមមន្ត្រី សេតវិមាន រួមទាំងលោក ត្រាំផ្ទាល់បានចាប់ផ្ដើមប្ដូរការហៅ «តំបន់អាស៊ី-ប៉ាស៊ីហ្វិក» ទៅជាតំបន់ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» វិញ។ ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីជាន់ខ្ពស់ អាមេរិក ក្នុងនោះមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster ដែលកាន់តំណែងនេះបានត្រឹម ១៤ខែ ក្រោមរដ្ឋបាលលោក ត្រាំ បានហៅ ឈ្មោះ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ម្ដងហើយម្ដងទៀត នៅពេលឆ្លើយតបនឹងសំណួរពីអ្នកសារព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ហ្វីលីពីន វៀតណាម ចិន កូរ៉េខាងត្បូង និងជប៉ុន។
ការផ្លាស់ប្ដូរការហៅនេះត្រូវបានក្រុមអ្នកជំនាញខ្លះបកស្រាយថាដោយសារតែលោក ដូណាល់ ត្រាំ ចង់ដាក់ចេញគោលនយោបាយថ្មី ដោយមិនចង់ពាក់ព័ន្ធនឹង គោលនយោបាយចាស់របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានចំណាយពេលពេញមួយអាណត្តិទី២ របស់លោកក្នុងការទាមទារនយោបាយ ការបរទេសអាមេរិកឱ្យចេញឆ្ងាយពីតំបន់មជ្ឈិមបូព៌ា មកផ្ដោតលើតំបន់សេដ្ឋកិច្ចរីកដុះដាលថ្មី នោះគឺ «អាស៊ី»។
*តើ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បង្ហាញអ្វីខ្លះពីនយោបាយការបរទេសអាមេរិក?
ការបន្តប្រើប្រាស់ពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» បានសន្មត់ថា សហរដ្ឋអាមេរិកបានផ្ដោតកាន់តែខ្លាំងទៅលើចិន ហើយវាអាចឆ្លុះបញ្ចំងបានតាមរយៈការស្ដារឡើងវិញនូវសម្ព័ន្ធភាពយុទ្ធសាស្រ្តចតុភាគី ឬគេស្គាល់ថា Quad ដែលមានសមាជិកដូចជា អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ ធ្លាប់បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែបង្កើត «សម្ព័ន្ធភាពប្រជាធិបតេយ្យថ្មីមួយ» ដើម្បីទប់ទល់ជាមួយចិន។
ក្រុមប្រទេស Quad មានគោលដៅធំ នោះគឺខ្ទប់ការកើនឡើងឥទ្ធិពលចិន តាមរយៈការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត ដើម្បីការពារនូវអ្វីដែលអាមេរិកហៅថាសណ្ដាប់ធ្នាប់ អន្តរជាតិ។ អាមេរិក និងបណ្ដាប្រទេសលោកខាងលិចបានចោទចិនថាកំពុងធ្វើសកម្មភាព និងមានចេតនាបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ។ ចិនជារឿយៗតែងតែច្រានចោលការចោទប្រកាន់ទាំងនេះ ស្របពេលអ្នកជំនាញខ្លះយល់ថាអ្វីដែលអាមេរិក និងសម្ព័ន្ធមិត្តបារម្ភពិតប្រាកដនោះ មិនមែនសណ្ដាប់ធ្នាប់អ្វីនោះទេ តែគឺពួកគេខ្លាចបាត់បង់តំណែងជាមហាអំណាចពិភពលោក។
តាមពិតទៅ ហេតុផលមួយដែលសហរដ្ឋអាមេរិកប្រើប្រាស់ពាក្យ «ឥណ្ឌូ (Indo) » នៅក្នុងពាក្យឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) នោះគឺដោយសារអាមេរិកយល់ថា ឥណ្ឌាមានសារៈសំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន។ ម្យ៉ាងវិញទៀត ចំពោះអាមេរិក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានតម្លៃដោយសារតែតំបន់នេះមានទំហំធំ ហើយអាមេរិកផ្ទាល់មានបំណងប្រជែងជាមួយចិននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងតំបន់នេះ។
*អ្វីទៅជាយុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួន ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តទាំងអស់ ក្នុងតំបន់ជាមួយការសន្យាថាសហរដ្ឋអាមេរិកនឹងធ្វើការតាមប្រព័ន្ធពហុភាគី និងសហការជាមួយស្ថាប័នអន្តរជាតិនានា ក្នុងនោះមានទាំងអាស៊ានផងដែរ។ ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរី កាលពីថ្ងៃអង្គារ ទី២៤ ខែសីហាកន្លងទៅនេះ លោកស្រី Harris ក៏បានបញ្ជាក់ដែរថា ការចូលរួមរបស់អាមេរិកក្នុងតំបន់ មិនមែនមានចេតនាប្រឆាំងដោយផ្ទាល់នឹងប្រទេសណាមួយទេ ហើយក៏មិនបានបង្ខំឱ្យប្រទេសដទៃជ្រើសរើសមួយរវាងអាមេរិក និងចិននោះដែរ។
ការវិលត្រឡប់របស់សហរដ្ឋអាមេរិកមកកាន់តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាមានលក្ខណៈសាច់ការណ៍និយម ពោលគឺគិតពីលទ្ធផលជាជាង មនោមគមន៍វិជ្ជា។ អាមេរិកមកលើកនេះមិនបានស្ពាយសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យជាប់តាមខ្លួនដូចមុននោះទេ ហើយក៏មិនមែនមានន័យថាប្រទេសអាស៊ីអាគ្នេយ៍ ទាំងអស់សុទ្ធតែសំខាន់នោះដែរ ដោយអាមេរិកផ្ដោតតែទៅលើប្រទេសដែលសំខាន់បំផុតក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់ខ្លួនតែប៉ុណ្ណោះ មិនថាប្រទេសនោះជា កម្មុយនិស្ដ ឬផ្ដាច់ការនោះទេ ឱ្យតែមាននិន្ននាការប្រឆាំងចិន គឺអាចនិយាយគ្នាបាន។ វៀតណាម ហ្វីលីពីន និងសិង្ហបុរី ត្រូវបានគេចាត់ទុកថាជាប្រទេសដែលអាមេរិក ត្រូវការជាចំាបាច់សម្រាប់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ពីព្រោះប្រទេសទាំងនេះមានទំនោរជាវិជ្ជមានច្រើនរកអាមេរិក ធៀបទៅនឹងបណ្ដាប្រទេសអាស៊ានដទៃ។
តែទោះជាបែបនេះក្ដី អាមេរិកនៅមានបញ្ហាត្រូវដោះស្រាយ ជាពិសេសនោះគឺយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែផ្ដោតសំខាន់លើសន្តិសុខ ហើយសេដ្ឋកិច្ចដើរតាមក្រោយ ខណៈបណ្ដាប្រទេសក្នុងតំបន់នេះភាគច្រើនឱ្យតម្លៃខ្លាំងលើសេដ្ឋកិច្ច ជាជាងទំនាក់ទំនងខាងសន្តិសុខ។ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេនាំគ្នានិយាយច្រើនតែពីរឿង «លុយ» ហើយបើនិយាយពីអ្នកចាយលុយវិនិយោគច្រើនជាងគេវិញ គ្មាននរណាក្រៅពីចិន ដោយនៅក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី បន្តទទួលបានចំណែកហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង៤ទ្រីលានដុល្លារ នៅត្រីមាសដំបូងកាលពីឆ្នាំ ២០២០។ នេះបើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុន Refinitiv។
ដូច្នេះ ដោយសារតែប្រយោជន៍សេដ្ឋកិច្ចជាមួយចិនបែបនេះឯង ទើបបណ្ដាប្រទេសភាគច្រើន កំពុងព្យាយាមប្រើយុទ្ធសាស្ត្ររក្សាតុល្យភាពដោយដើរតាមការទូត មិនឈរនៅខាងមហាអំណាចណាមួយឡើយ ហើយបើទោះជាប្រទេសខ្លះកំពុងមានជម្លោះទឹកដីជាមួយចិនក៏ដោយ ក៏ពួកគេមិនហ៊ានធ្វើឱ្យចិនអន់ចិត្ត ឬខឹងនោះដែរ នៅពេលនិយាយដល់ប្រយោជន៍សេដ្ឋកិច្ច។
*ហេតុអ្វីអាមេរិកចង់រៀបចំកិច្ចប្រជុំ APEC នៅឆ្នាំ២០២៣?
លោកស្រី Kamala Harris បានទទួលស្គាល់ហើយថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅឆ្នាំ២០២៣ ដោយថែមទាំងសង្កត់ធ្ងន់ទៀតផងពីសារៈសំខាន់នៃទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ចំពោះសហរដ្ឋអាមេរិក។ លោកស្រីបន្ថែមថាបណ្ដាប្រទេសអាស៊ាន រួមញ្ចូលគ្នា គឺជាដៃគូនាំចេញដ៏ធំលំដាប់ទី៤ របស់សហរដ្ឋអាមេរិក ហើយទំនាក់ទំនងពាណិជ្ជកម្មនេះបានផ្ដល់ការងារឱ្យប្រជាជនអាមេរិកច្រើនជាង៦០០,០០០នាក់។
នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកមិនសូវឱ្យតម្លៃលើកិច្ចប្រជុំ APEC កិច្ចប្រជុំកំពូលនៃប្រទេសអាស៊ីខាងកើត (East Asian Summit) ឬក៏ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានទេ ដោយលោកតែងតែបញ្ជូនអ្នកតំណាងរបស់លោកឱ្យមកចូលរួមជំនួស ដែលនេះបានធ្វើឱ្យមេដឹកនាំអាស៊ានអន់ចិត្តចំពោះអាមេរិក មិនតិចនោះទេ។ ការសន្យារៀបចំកិច្ចប្រជុំ APEC ត្រូវបានក្រុមអ្នកជំនាញមើលឃើញថារដ្ឋបាលលោក បៃដិន ចង់បញ្ជូនសារមួយទៅកាន់បណ្ដាប្រទេសក្នុងតំបន់ថា សហរដ្ឋអាមេរិកបានត្រឡប់មកវិញ ហើយពួកគេអាចជឿជាក់ជាថ្មីលើអាមេរិក។
គួរបញ្ជាក់ថា «គោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ល្អក់កករនឹងគ្នាយ៉ាងខ្លាំង ស្របពេលដែលចិនកាន់តែបង្កើនការចូលរួមជាមួយអាស៊ាន។ វាមិនមែនជារឿងងាយទេ ដែលអាមេរិកចង់ ឱ្យប្រទេសទាំងនេះដើរតាមនយោបាយប្រឆាំងចិនរបស់ខ្លួន។ តែប្រឈមមុខនឹងការប្រជែងរឹតតែខ្លាំងរវាងមហាអំណាចទាំង ២ វាចៀសមិនរួចឡើយនឹងបង្ខំឱ្យពួកគេ ត្រូវបង្ខំចិត្តរើសយកមួយ ឬក៏ខ្លះបានរើសនៅក្នុងចិត្តរួចទៅហើយ គ្រាន់តែនៅប្រឹងប្រែងទាញយកប្រយោជន៍ទាំងសងខាងសិនតែប៉ុណ្ណោះ៕
ប្រភព៖ SCMP (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១)
ដោយ គង់ សុខឡេង។


ក្មេង៤នាក់ បាត់ខ្លួន ៤០ថ្ងៃ បន្ទាប់ពីរួចជីវិតពីការធ្លាក់យន្តហោះ នៅ ព្រៃ Amazon រកឃើញហើយ

ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបន្តជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀតនៅខេត្តកំពង់ឆ្នាំង

សម្តេចពិជ័យសេនា លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល កីឡាករ កីឡាការិនីជាជនពិការបន្ថែមទៀត
នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ

«គុនខ្មែរ» ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO យ៉ាងច្បាស់ៗ ខណៈ «Muay Thai» គ្រាន់តែជា…
