ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ដើម្បីបំពេញសេចក្តីត្រូវការទឹកស្អាតជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងជម្រុញពន្លឿនការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១នេះសម្រេចបានប្រមាណជា ៣៨%នៃគម្រោងទាំងមូល ដោយក្នុងនោះ៖១. ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០% ២. ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន ១៥%៣. ការងារដាក់បំពង់មេនាំទឹកស្អាតអនុវត្តបាន ៥៣% ៤. ការងារខួងឆ្លងទន្លេសាបដើម្បីដាក់បំពង់មេនាំទឹកស្អាត ២០០០មម អនុវត្តបាន ៣០%។

គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺសាងសង់ឡើងក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ការអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projets ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers៕

