(កណ្តាល)៖ នៅថ្ងៃ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៤គ្រួសារ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។
ជាងនេះទៀតសូមបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសបញ្ហាជំងឺកូវីដ-១៩ប្រភេទថ្មី ដែលតា (Delta) ចូលក្នុងសហគមន៍។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានឆាបឆេះឡើង បណ្ដាលមកពីការផ្ទុះសេខ្សែភ្លើង ធ្វើឱ្យខូចខាតទាំងស្រុងនូវផ្ទះចំនួន៣ ខ្នង ដែលមានប្រជាពលរដ្ឋ៤ និង ខូចខាតដោយអន្លើចំនួនមួយខ្នង ព្រមទាំងបណ្ដាលឱ្យប្រជាការពារម្នាក់ រងរបួសក្នុងកំឡុងពេលនៃការជួយពន្លត់អគ្គិភ័យនេះផងដែរ។
អំណោយដែលសាខាបានផ្ដល់ជូនគ្រួសារឆេះផ្ទះទាំងស្រុងចំនួន ៣គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកបរិសុទ្ធ១ធុង ,ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ ប្រេងឆា១ដបធំ ម៉ាស១ប្រអប់ អាល់កុល១ដប កៅស៊ូតង់១ និងថវិកា៥០ម៉ឺនរៀល ។ ដោយឡែកគ្រួសារឆេះផ្ទះដោយអន្លើ ទទួលបានថវិកា ២០ម៉ឺនរៀល និងប្រជាការពាររងរបួសក្នុងការជួយពន្លត់អគ្គិភ័យទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ៕
