Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពាននរានៅចុងខែតុលានេះ

ភ្នំពេញ៖​ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។

សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។

យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្អិតនៃគម្រោង ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងបញ្ជាក់លម្អិតព័ត៌មានផ្លូវការរបស់គម្រោងនៅថ្ងៃសម្តេចចុះសម្ពោធតែម្តង។

ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច កាលពី ខែឧសភា កន្លងមក ក្រុមហ៊ុន OCIC បានស្នើសុំគោលការណ៍នាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុបប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាននេះ។

ក្រៅពីគម្រោងនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឱ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើផ្ទៃដីទំហំសរុបប្រមាណជា ១០០ ហិកតា ក្រោមទុនវិនិយោគប្រមាណជិត ២ ប៊ីលានដុល្លារអាមេរិក ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook